ភ្នំពេញ៖លោក សែម ប៉ាត នាយកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគីរីបានលើកឡើងថាជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីបានចាប់អារម្មណ៍លើជំនាញសម្អាងកាយជាងគេក្នុងចំណោមជំនាញទាំង៥របស់មជ្ឈមណ្ឌល វិជ្ជាជីវៈបានដាក់ចេញសម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់របស់រាជរដ្ឋាភិបាល។
ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤កន្លងទៅបានបើកបវេសនកាលជាផ្លូវការការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
បើតាមលោក សែម ប៉ាត មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគីរីទទួលបានយុវជនដែលជាជនជាតិដើមភាគតិចចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសប្រមាណ៦១នាក់ ភាគច្រើនបងប្អូនជនជាតិទាំងនោះមកពីជនជាតិព្រៅ កាវ៉ែត ទំពួន គ្រឹង ចារ៉ាយ កាចក់ និងឡាវ។ ពួកគេភាគច្រើនបានចុះឈ្មោះចូលរៀនជំនាញសម្អាងកាយ និងបន្ទាប់មកទៀតមាន មុខជំនាញរចនាក្រាហ្វិកដោយកុំព្យូទ័រ ដំឡើងបណ្ដាញអគ្គីសនី សេវាកម្មសម្អាងកាយ និងសេវាកម្មកាត់សក់។
លោក សែម ប៉ាត បន្តថា ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១.៥ លាននាក់នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគីរីបានទទួលយុវជនមកចុះឈ្មោះចូលរៀនបានចំនួន ២៤០នាក់ ស្រី ៩៧នាក់ លើជំនាញចំនួន ៥ ដែលជាជំនាញមានតម្រូវការទីផ្សាការងារខ្ពស់ តាមបណ្តាក្រុមហ៊ុនសហគ្រាស និងមានប្រាក់ចំណូលសមរម្យនាពេលបច្ចុប្បន្ននេះ។ មជ្ឈមណ្ឌលត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលសិស្សចូលរៀននៅថ្ងៃទី១៥ ខែមករា ខាងមុននេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ឱ្យអនុវត្តជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១លាន ៥សែននាក់ ដែលមានរយៈពេល ៤ខែ សិក្សាដោយឥតគិតថ្លៃ ម្យ៉ាងវិញទៀត យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រហូតដល់បញ្ចប់ការសិក្សា៕