ព័ត៌មានជាតិ

លោក ផន រឹម៖ គម្រោងសាងសង់ស្ពាន ផ្សាររាត្រី-អរិយក្សត្រ កំពុងស្ថិតក្នុងដំណាក់កាល ចរចាលក្ខខណ្ឌ សេសសល់

ភ្នំពេញ៖ គម្រោងសាងសង់ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ចាប់ពីផ្សាររាត្រី-អរិយក្សត្រ ដែលទទួលជំនួយពីកូរ៉េខាងត្បូងនោះ កំពុងស្ថិតនៅក្នុងដំណាក់កាល នៃការចរចាលក្ខខណ្ឌផ្សេងៗ មួយចំនួនដែលសេសសល់។ នេះបើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ផន រឹម ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២៦ មករាថា លក្ខខណ្ឌផ្សេងៗមួយចំនួនដែលសេសសល់ រួមមាន៖ ពិនិត្យឡើងវិញសេចក្តីព្រាង, របាយការណ៍វាយតម្លៃបច្ចេកទេស,ពិនិត្យ និងអនុម័តលទ្ធផលវាយតម្លៃ និងដំណើរការចរចាកិច្ចសន្យាដើម។

ចំពោះពេលវេលានៃដំណើរការ បើកការដ្ឋានសាងសង់នៅពេលណានោះ លោកអ្នកនាំពាក្យក៏មិនទាន់អាច បញ្ជាក់ពីការកំណត់កាលបរិច្ឆេទស្ថាបនាឡើយទេ ។

លោកបន្តទៀតថា ចំពោះតាមផែនការនឹងបញ្ចប់នីតិវិធីនានា នៅអំឡុងត្រីមាសទី១ឆ្នាំ២០២៤នេះ។

សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ គ្រោងចំណាយថវិកាជាង ៣០០លានដុល្លារដែល បានចុះហត្ថលេខាព្រមព្រៀងរវាងភាគីទាំង២ ក្នុងការផ្តល់ជំនួយកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២៕

To Top