កាប៊ុល៖ ប្រភពពីគ្រួសាររបស់លោកបានឲ្យដឹងថា អ្នកយកព័ត៌មានបុរសជនជាតិអាហ្វហ្គានីស្ថានម្នាក់ នៅការិយាល័យកាប៊ុលរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ដែលត្រូវបានឃុំខ្លួន ដោយរដ្ឋាភិបាលបណ្តោះអាសន្នតាលីបង់ នៃប្រទេសអាហ្វហ្គានីស្ថានកាលពីសប្តាហ៍មុន ត្រូវបានដោះលែងកាលពីថ្ងៃព្រហស្បតិ៍។
បុរសនេះត្រូវបានឃុំខ្លួនរយៈពេលប្រាំបីថ្ងៃ បន្ទាប់ពីត្រូវបានកោះហៅដោយ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់តាលីបង់កាលពីថ្ងៃទី១៧ ខែមករា។ នៅថ្ងៃបន្ទាប់ បុគ្គលម្នាក់ ដែលគេជឿថាមកពីទីភ្នាក់ងារនេះ បានមកការិយាល័យ ដើម្បីរឹបអូសកុំព្យូទ័រ និងកាមេរ៉ា។
របបតាលីបង់ត្រូវបានផ្តួលរំលំ ដោយកងកម្លាំងដឹកនាំដោយ សហរដ្ឋអាមេរិកនៅចុងឆ្នាំ២០០១ សម្រាប់ការកាន់កាប់មេដឹកនាំអាល់កៃដាលោក Osama bin Laden ដែលជាមេខ្លោងនៅពីក្រោយ ការវាយប្រហារភេរវកម្មនៅថ្ងៃទី១១ ខែកញ្ញាឆ្នាំនោះ។
ពួកគេបានវិលមកកាន់អំណាចវិញ នៅមុនពេលសហរដ្ឋអាមេរិកបញ្ចប់ ការដកទ័ពរបស់ខ្លួនចេញពី ប្រទេសអាហ្វហ្គានីស្ថានក្នុងខែសីហា ឆ្នាំ២០២១ ដោយបញ្ចប់សង្រ្គាមរយៈពេល ២០ឆ្នាំ។
របបនេះបានអនុវត្តគោលនយោបាយ ដែលសង្កត់សង្កិនស្ត្រីដោយផ្អែកលើ ការបកស្រាយតែមួយគត់ របស់ពួកគេនៃច្បាប់អ៊ីស្លាម និងបង្កើនការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយ។
សហគមន៍អន្តរជាតិ រួមទាំងប្រទេសជប៉ុនផងដែរ មិនបានទទួលស្គាល់ក្រុមតាលីបង់ ជារដ្ឋាភិបាលស្របច្បាប់ទេ ដោយសារការប្រព្រឹត្តយ៉ាងឃោរឃៅលើស្ត្រី និងជនជាតិភាគតិច ៕
ប្រែសម្រួល ឈូក បូរ៉ា