ភ្នំពេញ៖ ក្រោមកិច្ចសហការរវាង មន្ទីរបរិស្ថានខេត្តព្រះវិហារ Angkor Centre for Conservation of Biodiversity មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានជួយសង្រ្គោះសត្វត្រយងយក្សជំទង់១ក្បាល ដែលជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយជោគជ័យពីជំងឺគ្រុនចាញ់បក្សី ។
យោងតាមហ្វេសប៊ុក អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នាថ្ងៃទី២៧ មករានេះ បានឲ្យដឹងថា បើមើលពីរូបរាងខាងក្រៅនៃសត្វត្រយងនេះ មើលទៅដូចគ្មានជំងឺពេលមកដល់ ACCB ប៉ុន្តែរោគសញ្ញានៃជំងឺនេះ ក៏បានវិវត្តឡើងយ៉ាងធ្ងន់ធ្ងរ ។ បន្ទាប់ពីមានការពិនិត្យសុខភាពយ៉ាងហ្មត់ចត់ យើងបានរកឃើញថា សត្វត្រយងយក្សជំទង់នេះកំពុងមានជំងឺគ្រុនចាញ់បក្សី និងមានប៉ារ៉ាស៊ីតនៅក្នុងឈាមរបស់វា។ លើសពីនេះទៅទៀត ម្រាមជើងមួយរបស់វាមានសភាពធ្ងន់ធ្ងរខ្លាំង មិនអាចកំរើកបានក៏វិវត្តក្លាយជាដំបៅរលួយ។
ក្រុមការងារដែលមានការតាំងចិត្តខ្ពស់របស់ ACCB បានធ្វើការអស់កម្លាំងកាយចិត្ត ដើម្បីព្យាបាលជម្ងឺគ្រុនចាញ់បក្សី និងវះកាត់យកម្រាមជើងដំបៅចេញដោយជោគជ័យ។ យើងមានសេចក្តីសោមន្សរីករាយ ដែលសត្វត្រយងយក្សនេះ បានជាសះស្បើយទាំងស្រុង និងបានសម្របខ្លួនយ៉ាងល្អទៅនឹងកន្លែងថែទាំវាផងដែរ ។
ការជួយសង្គ្រោះសត្វត្រយងយក្សនេះ គឺជាសមិទ្ធផលដ៏សំខាន់ ក្នុងកិច្ចការងារអភិរក្ស ខណៈដែលបក្សីប្រភេទនេះមាន នៅសេសសល់ប្រហែលជា ២៥០ក្បាល ប៉ុណ្ណោះ នៅទូទាំងពិភពលោក ។ សត្វត្រយងយក្សនេះនឹងដើរតួយ៉ាងសំខាន់ ក្នុងការធានាចំនួនប្រជាសាស្រ្តសត្វត្រយងយក្ស ដែលត្រូវបាន ថែទាំនៅក្នុងមជ្ឈមណ្ឌល ACCB ក្នុងការរួមចំណែកដល់ កិច្ចខិតខំប្រឹងប្រែងអភិរក្សបក្សីប្រភេទនេះ ។ ពួកយើងមានមោទកភាពយ៉ាងខ្លាំង ចំពោះការប្តេជ្ញាចិត្តរបស់ពួកយើង ក្នុងការធានាដល់អនាគតប្រកបដោយនិរន្តរភាព សម្រាប់បក្សីដែលជានិមិត្តរូបដ៏សំខាន់ទាំងនេះ៕