ព័ត៌មានអន្តរជាតិ

ជប៉ុន ចូលរួម​ជាមួយ​អាមេរិក ក្នុងការ​បញ្ឈប់​មូលនិធិ សម្រាប់​ទីភ្នាក់ងារ​ ជនភៀសខ្លួន​ប៉ាឡេស្ទីន ​របស់​អង្គការសហប្រជាជាតិ

រូបភាពពី៖​ Kyodo

តូក្យូ៖ ប្រទេសជប៉ុនបានសម្រេចចិត្តផ្អាកការផ្តល់មូលនិធិ សម្រាប់ទីភ្នាក់ងារអង្គការសហប្រជាជាតិដែលគាំទ្រជនភៀសខ្លួនប៉ាឡេស្ទីន ចូលរួមជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ចំពេលមានការចោទប្រកាន់ថា បុគ្គលិករបស់ខ្លួនប្រហែលជាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីឆ្នាំមុន។

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maki Kobayashi បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអាទិត្យថា ជំនួយបន្ថែមដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា ដែលត្រូវបានគេស្គាល់ថា UNRWA នឹងត្រូវបញ្ឈប់ “សម្រាប់ពេលបច្ចុប្បន្ន” ខណៈពេលដែលវាស៊ើបអង្កេតបញ្ហានេះ និងពិចារណាលើវិធានការតបត។

ចំណាត់ការនេះបានធ្វើតាមការប្រកាសរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រថា ខ្លួននឹងផ្អាកការផ្តល់មូលនិធិសម្រាប់ UNRWA ព្រោះវា “មានបញ្ហាយ៉ាងខ្លាំង” ដោយការចោទប្រកាន់ថា បុគ្គលិក UNRWA ចំនួន ១២នាក់អាចជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែលភាគខាងត្បូង ដោយក្រុមហាម៉ាសនៅថ្ងៃទី០៧ ខែតុលា។

លោកស្រី Kobayashi បានលើកឡើងថា ប្រទេសជប៉ុនមាន “ការព្រួយបារម្ភយ៉ាងខ្លាំង” អំពីការជាប់ពាក់ព័ន្ធរបស់បុគ្គលិក UNRWA នៅក្នុង “ការវាយប្រហារភេរវកម្ម” ហើយបានជំរុញឱ្យទីភ្នាក់ងារស៊ើបអង្កេតករណីនេះ និងចាត់វិធានការសមស្របដើម្បីឱ្យវាអាច “បំពេញយ៉ាងរឹងមាំនូវតួនាទី” ។

ការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា បានបង្កឱ្យមានការវាយលុករបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបដែលបានធ្វើឱ្យមនុស្សជាង ២៦,០០០នាក់បានស្លាប់នៅក្នុងរង្វង់ដែលគ្រប់គ្រងដោយក្រុមហាម៉ាសប៉ាឡេស្ទីន និងនាំឱ្យមានការខ្សោះជីវជាតិយ៉ាងធ្ងន់ធ្ងរនៅក្នុងស្ថានភាពមនុស្សធម៌៕ ប្រែសម្រួល ឈូក បូរ៉ា

To Top