បរទេស៖ ឧត្តមនាវីឯករងអ៊ុយក្រែន លោក Aleksey Neizhpapa បានប្រាប់ Sky News ថា ទីក្រុងគៀវនឹងរីករាយក្នុងការទទួលបាននាវាចម្បាំងរបស់កងទ័ពជើងទឹកអង់គ្លេសចំនួនពីរគ្រឿងដែលទីក្រុងឡុងដ៍ត្រូវបានគេរាយការណ៍ថា នឹងលែងប្រើប្រើាស។ កាលពីដើមខែនេះ សារព័ត៌មាន The Telegraph បានអះអាងថា នាវាចម្បាំង HMS Westminster និង HMS Argyll នឹងត្រូវចូលនិវត្តន៍នៅចុងឆ្នាំនេះ ចំពេលមានការតស៊ូក្នុងការជ្រើសរើសនាវិកគ្រប់គ្រាន់ ដើម្បីដំណើរការនាវា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីពាក់កណ្តាលខែធ្នូ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបានប្រកាសផែនការផ្តល់ឲ្យទីក្រុងគៀវនូវនាវាបោសសម្អាតមីនចំនួនពីរគ្រឿងដែលជាផ្នែកនៃសម្ព័ន្ធភាពដែនសមុទ្រថ្មី ដែលពាក់ព័ន្ធនឹងប្រទេសន័រវេសផងដែរ។ ទោះជាយ៉ាងណាក៏ដោយ កប៉ាល់មិនទាន់ទៅដល់ច្រាំងសមុទ្រអ៊ុយក្រែននៅឡើយទេ បន្ទាប់ពីប្រទេសតួកគី បានបដិសេធមិនអនុញ្ញាតឱ្យនាវាទាំងនោះឆ្លងកាត់ច្រក Bosphorus និង Dardanelles ដែលភ្ជាប់សមុទ្រខ្មៅជាមួយសមុទ្រមេឌីទែរ៉ាណេ។
នៅពេលត្រូវបានសួរថាតើអ៊ុយក្រែននឹងចាប់អារម្មណ៍លើនាវាចម្បាំង Type 23 ចំនួនពីររបស់ទីក្រុងឡុងដ៍ ក្នុងអំឡុងពេលសម្ភាសន៍ Sky កាលពីថ្ងៃសៅរ៍ លោក Neizhpapa បាននិយាយថា “ជាការពិតណាស់ កងនាវាចរ [អ៊ុយក្រែន] ត្រូវការនាវាចម្បាំង… ប្រសិនបើការសម្រេចចិត្តបែបនេះត្រូវបានគេចាត់ទុកទាក់ទងនឹងលទ្ធភាពក្នុងការប្រគល់នាវាចម្បាំងពីរគ្រឿងទៅឲ្យកងទ័ពជើងទឹក នោះយើងនឹងសប្បាយចិត្តខ្លាំងណាស់»៕ ប្រែសម្រួលៈ ណៃ តុលា