ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារពិសេសតាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់របស់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ចំពោះសំណុំរឿងគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន។
តាមរយៈសេចក្ដីសម្រេចនេះ បានឱ្យដឹងថា ការបង្កើត ក្រុមការងារពិសេសតាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់របស់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ចំពោះសំណុំរឿងគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន សរសេរជាអក្សរកាត់ថា «ក.គ.ច.អ.» ចំណុះឱ្យគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅ តាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ មានលោក គឹម សន្ដិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ជាប្រធាន, អនុប្រធាន ៣រូប ព្រមទាំងសមាជិក និងជំនួយការជាច្រើនរូបទៀត។
សូមបញ្ជាក់ថា ក.គ.ច.អ. មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖
១- ជាសេនាធិការប្រតិបត្តិរបស់គណៈបញ្ជាការដឹកនាំយុទ្ធនាការ ក្នុងការតាមដាន និងត្រួតពិនិត្យ ការអនុវត្តច្បាប់របស់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្ដីនៅគ្រប់ដំណាក់កាល នៃនីតិវិធី ចំពោះសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន។
២- ពិនិត្យ ផ្តល់យោបល់ និងលើកសំណើវិធានការចំពោះភាពមិនប្រក្រតីនៃចំណាត់ការរបស់ តុលាការចំពោះសំណុំរឿងគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន ដែលត្រូវបានរកឃើញ។
៣- សម្របសម្រួលការងារ និងសហការជាមួយសាលាជម្រះក្តី និងស្ថាប័នពាក់ព័ន្ធ ក្នុងក្របខ័ណ្ឌ ការងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាដល់ប្រសិទ្ធភាពនៃការអនុវត្តការងារ។
៣- ធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តការងាររបស់ខ្លួន និងលើកសំណើវិធានការចាំបាច់នានា ដើម្បីដោះស្រាយបញ្ហាប្រឈម ជូនប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ ពិនិត្យ និងសម្រេច។
៤- អនុវត្តភារកិច្ចផ្សេងទៀត តាមការប្រគល់ពីប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ៕