បរទេស៖ កាសែតPolitico បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីសមាជិកសភា និងអ្នកវិភាគអ៊ុយក្រែនថា អ៊ុយក្រែន នឹងស្ទើរតែមិនអាចបន្តជម្លោះជាមួយរុស្ស៊ី និងទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួនដោយគ្មានជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
មេដឹកនាំសហភាពអឺរ៉ុបនឹងពិភាក្សាអំពីការប្រើប្រាស់ថវិការួមរបស់ប្លុកនេះ ដើម្បីផ្តល់ជំនួយចំនួន ៥០ពាន់លានអឺរ៉ូឬត្រូវ៥៤ ពាន់លានដុល្លារដល់ក្រុងគៀវនៅចុងសប្តាហ៍នេះ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីប្រទេសហុងគ្រីបានជំទាស់នឹងកញ្ចប់នេះ ដោយស្នើថាអ៊ុយក្រែនគួរតែទទួលបានការផ្ទេរប្រាក់ប្រចាំឆ្នាំសម្រាប់ជំនួយសេដ្ឋកិច្ច ជាជាងការសន្យារយៈពេល ៤ឆ្នាំ ជាការផ្តល់ជំនួយ៥៤ពាន់លានក្នុងមួយលើកវិញ។
កញ្ចប់ជំនួយមួយទៀតដែលបានសន្យាចំពោះក្រុងកៀវដោយវ៉ាស៊ីនតោនត្រូវបានជាប់គាំងក្នុងសភា។ ប្រធានាធិបតី Joe Biden បានស្នើរសុំ ៦០ ពាន់លានដុល្លារសម្រាប់ទីក្រុងគៀវ ក្នុងខែតុលា ឆ្នាំ ២០២៣ប៉ុន្តែសមាជិកសភា GOP បានបដិសេធមិនព្រមបើកភ្លើងខៀវលើច្បាប់នេះ លុះត្រាតែលោក Biden យល់ព្រមកែប្រែ និងរឹតបន្តឹងច្បាប់គ្រប់គ្រងព្រំដែនរបស់សហរដ្ឋអាមេរិ៕ ប្រែសម្រួល៖ស៊ុនលី