ព័ត៌មានអន្តរជាតិ

លោក Xi សន្យាមិនជ្រៀតជ្រែក ការបោះឆ្នោត២០២៤ នៅអាមេរិក ឡើយ

រូបភាពពី៖​ AFP

បរទេស៖ ទូរទស្សន៍ CNN បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានស្នើសុំសមភាគីចិនរបស់គាត់ គឺលោក Xi Jinping កុំឱ្យ ជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ នៅពេលដែលអ្នកទាំងពីរបានជួបគ្នាក្នុងខែវិច្ឆិកា។

ប្រភពដដែលបានសរសេរទៀតលោក Xi តាមសេចក្តីរាយការណ៍បានប្រាប់លោក Biden ថា ទីក្រុងប៉េកាំងនឹងមិនធ្វើការជ្រៀតជ្រែកការងារនេះនៅក្នុងព្រឹត្តិការណ៍បោះឆ្នោតនេះឡើយ។

ការពិភាក្សាគ្នាត្រូវបានគេសន្មត់ថាបានធ្វើឡើងក្នុងអំឡុងពេលកិច្ចពិភាក្សាកម្រិតខ្ពស់រវាងមេដឹកនាំទាំងពីរនៅរដ្ឋកាលីហ្វ័រញ៉ា។ ប្រភពអនាមិកបានប្រាប់ CNN ថាលោក Biden គឺជាអ្នកដែលបានលើកឡើងពីបញ្ហានេះដំបូងគេ។

រំលឹកដែរថាចាប់តាំងពីការបោះឆ្នោតដែលលោក Donald Trump ទទួលបានជ័យជំនះក្នុងឆ្នាំ ២០១៦ មក មន្ត្រីអាមេរិក ដែលភាគច្រើនជាគណបក្សប្រជាធិបតេយ្យ បានអះអាងម្តងហើយម្តងទៀតថា មហាអំណាចបរទេសកំពុង ជ្រៀតជ្រែក នៅក្នុងការបោះឆ្នោតអាមេរិក។

ជារឿយៗរដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុងមូស្គូបានបដិសេធម្តងហើយម្តងទៀតនូវការជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិក ប៉ុន្តែមន្ត្រីអាមេរិកបានបន្តការចោទប្រកាន់ជាសាធារណៈទៅលើប្រទេសទាំងពីរដដែល៕ ប្រែសម្រួល៖ស៊ុនលី

To Top