ព័ត៌មានជាតិ

ភ្នាក់ងារគយ នៅព្រំដែនបាវិត ទៅណាអស់ហើយ?

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានចោទជាសំនួរថា តើភ្នាក់ងារគយ នៅព្រំដែនបាវិត ទៅណាអស់ហើយ ទើបបណ្ដោយឱ្យសាច់បង្កក ចំនួន៤កុងតឺន័រ ធ្លាយចេញ ពីដែនសមត្ថកិច្ច របស់ខ្លួន យ៉ាងងាយបែបនេះ ។

ការចោទជាសំនួរបែបនេះ ធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចខេត្តស្វាយរៀង បានធ្វើការឃាត់រថយន្ដកុងតឺន័រ ចំនួន៤គ្រឿង តាមបញ្ជារបស់ លោក ខាំ សុផារី ព្រះរាជអាជ្ញារខេត្តស្វាយរៀង ដោយសង្ស័យថា រថយន្ដទោះនោះ មានផ្ទុកសាច់បង្កកគេចពន្ធ ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រលប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោក ខាំ សុផារី បានឱ្យដឹងថា រថយន្ដកុងតឺន័រទាំង៤គ្រឿងខាងលើនេះ គឺធ្វើដំណើរឆ្លងកាត់មកពីប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង។

ជុំវិញករណីខាងលើ នេះ លោក សយ សុភាព ដាក់ជាសំនួរថា ហេតុអ្វី បានជាសាច់បង្កក ៤កុងទីន័រ ឆ្លងព្រំដែនពីវៀតណាមម៉ុកបៃ ចូលមកព្រំដែនបាវិត ខេត្តស្វាយរៀង ប្រទេសខ្មែរ ស្រួលម៉្លេះ។

លោកថា នេះជាសមត្ថកិច្ច ភ្នាក់ងារគយប្រចាំ មាត់ច្រក ដែលជាអ្នកទទួលខុសត្រូវ បំពេញបែបបទ បង់ពន្ធគយ មុនអនុញ្ញាតឱ្យនាំចូល។

លោក សយ សុភាព បន្ថែមថា នេះសំណាងហើយ ចេះព្រះរាជអាជ្ញា បញ្ជាឱ្យចាប់ ចុះបើសាច់បង្កកនេះ ធ្លាយដល់កន្លែងស្តុក ហើយចែកចាយមិនវីវរធំហើយ។ ស្រួលមិនស្រួល ទម្លាក់កំហុស លើគេឯងទៀត។

បន្ថែមលើសពីនេះ លោក សយ សុភាព ក៏បានស្នើឱ្យ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជួយពិនិត្យនិង ស្រាយបំភ្លឺផង ជុំវិញករណីនេះ៕

To Top