ហ្គាហ្សា ៖ សាក្សី ដែលបានឃើញ ផ្ទាល់ភ្នែកបានឲ្យដឹងថា កងទ័ពអ៊ីស្រាអែល បានដកខ្លួន ចេញ ពីតំបន់ធំទូលាយ នៅភាគខាងជើងហ្គាហ្សាស្ទ្រីប ជាលើកដំបូងចាប់តាំងពីការ ចាប់ផ្តើមប្រតិបត្តិការជើងគោក ។
វាមិនច្បាស់ទេថា តើការដកទ័ពចេញ ជាអចិន្ត្រៃយ៍ ឬគ្រាន់តែជាការដកទ័ពអ៊ីស្រាអែលឡើងវិញនោះទេ ព្រោះមិនទាន់មានការ អត្ថាធិប្បាយពីកងទ័ព អ៊ីស្រាអែល អំពីវិធានការនេះនៅឡើយទេ។
បន្ទាប់ពីការដកទ័ពរបស់អ៊ីស្រាអែល ពលរដ្ឋរាប់សិបនាក់ បានធ្វើដំណើរទៅកាន់តំបន់ទាំងនោះ ដើម្បីត្រួតពិនិត្យផ្ទះរបស់ពួកគេ ខណៈដែលអ្នកផ្សេងទៀត បានទៅយកសាកសពជនជាតិ ប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់ ដោយកងទ័ពអ៊ីស្រាអែល នេះបើយោងតាមសាក្សី។
ការដកខ្លួននេះធ្វើឡើង បន្ទាប់ពីមានរបាយការណ៍ដែលបង្ហាញពីវឌ្ឍនភាពក្នុងការចរចារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលអាចនាំឱ្យមាន បទឈប់បាញ់ និងការដោះលែងអ្នកទោសអ៊ីស្រាអែល។
កាលពីថ្ងៃអង្គារ លោក Ismail Haniyeh ប្រធានការិយាល័យ នយោបាយរបស់ក្រុមហាម៉ាសបានប្រកាសថា ចលនារបស់លោកបានទទួល សំណើសុំបទឈប់បាញ់ និងការដោះលែងអ្នកទោស ដែលត្រូវបានពិភាក្សា នៅក្នុងកិច្ចប្រជុំនៅទីក្រុងប៉ារីស។
លោកបានលើក ឡើងថា ចលនានេះ គឺបើកចំហរដើម្បីពិភាក្សាអំពីគំនិតផ្តួចផ្តើម ឬគំនិតជាក់ស្តែងណាមួយ ដែលផ្តល់ថាពួកគេនាំទៅរក ការបញ្ឈប់ការ ឈ្លានពាន និងលំនៅដ្ឋានមានសុវត្ថិភាព សម្រាប់ប៉ាឡេស្ទីន ដែលត្រូវបានបង្ខំឱ្យភៀសខ្លួនដោយសារតែការកាន់កាប់ និងការបំផ្លិចបំផ្លាញផ្ទះរបស់ពួកគេ ៕
ប្រែសម្រួល ឈូក បូរ៉ា