ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស សុខា ជំរុញរដ្ឋបាលក្រុង ស្រុក ខណ្ឌ មានទំនួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តមុខងារវិស័យអប់រំ ដែលរាជរដ្ឋាភិបាលបានផ្ទេរមក

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានថ្លែងថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាការផ្តល់ឱកាសឱ្យរដ្ឋបាលមូលដ្ឋាន មានទំនួលខុសត្រូវដោយផ្ទាល់ និងច្បាស់លាស់លើការផ្តល់សេវា ជូនប្រជាជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌ ខណៈកន្លងមក ការងារនេះស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រង និងចាត់ចែងរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ពីវេទិកាអធិបតីនៃពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី គោលការណ៍ បែបបទ និងនីតិវិធីសម្រាប់គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារក្នុងវិស័យអប់រំ យុវជននិងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ រៀបចំនៅក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលក៏សម្រេចផ្ទេរថវិកាភ្ជាប់ដោយលក្ខខណ្ឌ ប្រមាណជាង៤០០លានដុល្លារ ឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រើប្រាស់សម្រាប់ដំណើរការគ្រឹះស្ថានបឋមសិក្សា មត្ដេយ្យសិក្សា និងមជ្ឈមណ្ឌលសិក្សាសហគមន៍ ស្របពេលក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងមុខងារសាធារណៈ ក៏ត្រៀមផ្ទេរបុគ្គលិកអប់រំជាគ្រូបង្រៀនប្រមាណ ៦០.០០០នាក់ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗជាអ្នកគ្រប់គ្រង និងចាត់ចែងផងដែរ។

បើតាម លោកឧបនាយករដ្ឋមន្ត្រី ភាពជោគជ័យ នៃការអនុវត្តមុខងារដែលបានផ្ទេរទៅនេះ គឺអាស្រ័យទៅលើកិច្ចខិតខំប្រឹងប្រែងដឹកនាំ គ្រប់គ្រង និងចាត់ចែងរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌនីមួយៗ ពីព្រោះមុខងារដែលបានផ្ទេរមកនេះ គឺជា មុខងារជាកាតព្វកិច្ច ដែលមានន័យថា ចាំបាច់ត្រូវតែអនុវត្ត និងក៏ជាមុខងារដែលមានថវិកា ប្រើប្រាស់ច្បាស់លាស់ ដោយមិនអាចបង្វែថវិកាទាំងនោះយកទៅ ប្រើប្រាស់ក្នុងវិស័យផ្សេងបានឡើយ។ ប្រសិនបើមានបញ្ហាប្រឈមណាមួយ ប្រមុខក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗ ពិគ្រោះយោបល់ ឬសុំយោបល់ពីមន្ទីរអប់រំ យុវជន និងកីឡា ឬមន្ទីរពាក់ព័ន្ធនានា ឬក្រសួងពាក់ព័ន្ធនៅថ្នាក់ជាតិដើម្បីជួយគាំទ្របន្ថែម។

សម្រាប់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ជោគជ័យនៃការធ្វើវិមជ្ឈការវិស័យអប់រំ យុវជន និងកីឡា មួយនេះ គឺជាផ្នែកនៃជោគជ័យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដ្បិតរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយ ភាពស្វាហាប់និងប៉ិនប្រសប់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់យក ការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពទី១ និងជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការ អភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ដែលទាមទារចាំបាច់បំផុតនូវការជំរុញ ពង្រឹង និងលើកកម្ពស់គុណភាពអប់រំ ចាប់ពីកម្រិតមូលដ្ឋានឡើងទៅ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានអនុវត្តសាកល្បង និងដកបទពិសោធមុនគេនូវការផ្ទេរមុខងារអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង ចាប់ពីឆ្នាំ២០២០មក។ ផ្អែកតាមការសិក្សាវាយតម្លៃ ដោយក្រុមការងារអន្តរក្រសួង ធ្វើឡើងកាលពីឆ្នាំ២០២៣ បានបង្ហាញថាការអនុវត្តយន្តការមួយនេះ ទទួលបានលទ្ធផលជាវិជ្ជមានគួរឱ្យកត់សម្គាល់។ ផ្អែកលើលទ្ធផល នៃការអនុវត្ដសាកល្បងនេះ រាជរដ្ឋាភិបាល បានសម្រេចពង្រីកការផ្ទេរនេះទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសចាប់ពីឆ្នាំ២០២៤ នេះតទៅតែម្ដង៕

To Top