ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ត្រៀមកញ្ចប់ថវិកា ១០០លានដុល្លារ ដើម្បីជួយអន្តរាគមន៍ដល់វិស័យកសិកម្ម

" "

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានត្រៀមកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីទុកជួយអន្តរាគមន៍ដល់វិស័យកសិកម្ម នៅពេលប្រជាកសិករ មានបញ្ហាប្រឈមនានាដែលកើតមានឡើង។

នាឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតីបានថ្លែងថា គោលនយោបាយគាំពារសង្គម គឺជាការជួយប្រជាពលរដ្ឋក្នុងរយៈពេលខ្លី ហើយអាចឲ្យពួកគាត់មានលទ្ធភាពរស់ ក្នុងរយៈពេលវែង។

" "

សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ការដាក់ចេញជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ យើងដាក់គម្រោងសម្រាប់គ្រោងឲ្យ ប្រជាជនអ្នកបានផលជាង៦លាន ២សែននាក់ ដើម្បីឲ្យគាត់មានលទ្ធភាពចូលមកក្នុងប្រព័ន្ធ ដើម្បីជំរុញជីវភាពរបស់ពួកគាត់។ ចឹងយើងជួយរយៈពេលខ្លី ហើយការដាក់ចេញនូវយុទ្ធការ សម្របសម្រួលកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតផលទីផ្សារ រក្សាលំនឹងកសិផលផ្សេងៗដែលយើងគ្រោង ១០០លានដុល្លារនោះ ដើម្បីជួយកសិករ ដែលមានការប្រឈមមួយចំនួន ដើម្បីរក្សាតម្លៃ»។

" "

សម្ដេចបន្ដថា មិនមែនរាជរដ្ឋាភិបាលទៅចិញ្ចឹមកសិករឡើយ តែរាជរដ្ឋាភិបាលទៅអន្ដរាគមន៍ជួយកិច្ចការងារមួយចំនួន ដើម្បីឲ្យកសិករមានលំនឹង។ សម្ដេចថា ឆ្នាំនេះ តម្លៃស្រូវមានការឡើងថ្លៃល្អផងដែរ។

សម្ដេចបន្ថែមថា នយោបាយគាំពារសង្គម មិនមែនបង្កើតវប្បធម៌ពឹងផ្អែកនោះទេ ផ្ទុយទៅវិញជាការបង្កើតនូវវប្បធម៌ម្ចាស់ការ ជាការជួយពលរដ្ឋពេលមានបញ្ហា និងជួយទប់កុំឲ្យជីវភាពរស់នៅរបស់ ពលរដ្ឋធ្លាក់ក្នុងស្ថានភាពលំបាក ៕

To Top