ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង ព្រមានលោកខាងលិចប្រឆាំងនឹង ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាទង្វើ ខុសច្បាប់យ៉ាងធ្ងន់

AFP

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃចន្ទបានព្រមានថា អ្នកណាដែលរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី គឺនឹងប្រឈមនឹងផលវិបាកយូរអង្វែង។ ការអត្ថាធិប្បាយរបស់លោក Dmitry Peskov បានកើតឡើងបន្ទាប់ពីកាសែត Financial Times បានរាយការណ៍ថា ប្រទេស G7 កំពុងពិចារណាប្រើប្រាស់មូលនិធិរុស្ស៊ីដែលបង្កក ជាវត្ថុបញ្ចាំដើម្បីផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងអត្ថបទមួយដែល បានចេញផ្សាយកាលពីថ្ងៃសៅរ៍ កាសែត Financial Times បានអះអាងថា រដ្ឋាភិបាលបែលហ្ស៊ិកបានស្នើផែនការមួយ ដែលរដ្ឋាភិបាលលោកខាងលិចនឹងបង្កើនបំណុល ដើម្បីផ្តល់ហិរញ្ញប្បទានដល់រដ្ឋាភិបាលអ៊ុយក្រែន ហើយបន្ទាប់មកទាមទារឱ្យ រុស្ស៊ីសងបំណុលនោះ។ ប្រសិនបើទីក្រុងមូស្គូបរាជ័យក្នុងការធ្វើដូច្នេះ ក្រុមប្រទេស G7 នឹងរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងដែលកំពុងកាន់កាប់នៅអឺរ៉ុប និងសហរដ្ឋអាមេរិក។

បុគ្គលម្នាក់ដែលដឹងអំពីការចរចា បានប្រាប់អ្នកសារព័ត៌មានថា ផែនការនេះត្រូវបានគេមើលឃើញថា ជាមធ្យោបាយមួយដើម្បីគេចចេញពី បញ្ហាផ្លូវច្បាប់នៃការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី។ គំនិតនេះត្រូវបានគេរាយការណ៍ថា ឥឡូវនេះជា “ជម្រើសឈានមុខគេ” ដើម្បីដោះសោមូលនិធិរុស្ស៊ីដែលបានបង្កក ហើយបញ្ជូនលុយទាំងនោះទៅអ៊ុយក្រែន។ ទោះបីជាយ៉ាងណាក៏ដោយ គ្មានប្រទេសណាមួយក្នុងចំណោទដែលពិភាក្សា មិនបានបញ្ជាក់ជាផ្លូវការនូវផែនការបែបនេះទេ។

ធ្វើអត្ថាធិប្បាយលើសំណើរដែលបានរាយការណ៍ លោក Peskov បាននិយាយថា ផែនការនេះវានឹង “ខុសច្បាប់យ៉ាងធ្ងន់ ហើយបានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងការពារផលប្រយោជន៍របស់ខ្លួន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top