ព័ត៌មានជាតិ

យុវជន មកពីគ្រួសារក្រីក្រ រៀនជំនាញបច្ចេកទេស ព្រោះចង់ក្លាយជាវីរបុរសជួយគ្រួសារ តាមប្រសាសន៍ណែនាំ របស់រដ្ឋមន្ត្រីក្រសួងការងារ

ភ្នំពេញ៖យុវជនរស់នៅក្នុងគ្រួសារ ដែលមានជីវភាពក្រីក្រមួយរូប បានបង្ហាញពីមហិច្ឆការបស់ខ្លួន ចង់ក្លាយជាវីរបុសជួយគ្រួសារ ឱ្យរួចផុតពីភាពលំបាក និងការជំពាក់បំណុលគេ ឱ្យដូចទៅនឹងប្រសាសន៍ណែនាំ របស់លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

លោករដ្ឋមន្ត្រីធ្លាប់មានប្រសាសន៍ថា កើតមានជាកូនអ្នកក្រ សូមកុំតូចចិត្ត ប៉ុន្តែយើងត្រូវរៀន ជំនាញវិជ្ជាជីវៈនិងបច្ចេកទេសឱ្យបានល្អ ដើម្បីមានមុខជំនាញមួយ ច្បាស់លាស់នៅថ្ងៃអនាគត នោះយើងនឹងក្លាយជាវីរបុស ជួយសង្គ្រោះគ្រួសារ ឱ្យរួចផុតពីភាពក្រីក្រ។

មកពីគ្រួសារក្រីក្រនៅរាជធានីភ្នំពេញ យុវជនរ៉ា សុភាព ដែលបានបោះបង់ចោល ការសិក្សាត្រឹមថ្នាក់ទី៨ បានសម្រេចសិក្សាជំនាញ បរិក្ខាគ្រឿងត្រជាក់ក្នុងគេហដ្ឋាន នៅវិទ្យាស្ថាន បច្ចេកទេសឧស្សាហកម្ម តាមរយៈកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ១.៥លាននាក់ របស់រាជរដ្ឋាភិបាល ។

មានម្តាយជាអ្នកលក់បាយ តាមរទេះរុញ យុវជន រ៉ា សុភាព បានបញ្ជាក់ថា ការណ៍ដែលខ្លួនបានសម្រេចចិត្តសិក្សាលើជំនាញបរិក្ខាត្រជាក់នេះ ដើម្បីទទួលបានជំនាញ ច្បាស់លាស់មួយ ងាយស្រួលរកប្រាក់ចំណូល ដើម្បីក្លាយជាវីរបុរស ជាបង្គោលគ្រួសារជួយដោះស្រាយភាពក្រលំបាក និងដើម្បីឱ្យរួចផុតពីការ ជំពាក់បំណុលគេផងដែរ។

អ្នកស្រីយ៉ុង សោភា ម្តាយយុវជន រ៉ា សុភាព បានបង្ហាញក្តីត្រេកអរយ៉ាងខ្លាំងដែលកូនបានទៅសិក្សាជំនាញមួយច្បាស់លាស់ ដើម្បីជាដើមទុនសម្រាប់ស្វែង រកការងារនិងរកប្រាក់ចំណូល ជួយផ្គត់ផ្គង់គ្រួសារ។

ជាមួយគ្នានេះ អ្នកស្រីក៏បានថ្លែងអំណរ គុណយ៉ាងក្រៃលែង ដល់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរដល់យុវជន មកពីគ្រួសារក្រីក្រឱ្យបានចូលរៀនវគ្គជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ។

គួរបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ១.៥លាននាក់ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ជាគោលនយោបាយថ្មីមួយ របស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ ក្នុងការជួយដល់ យុវជនក្រីក្រ ដែលបោះបង់ចោលការសិក្សា អាចបន្តការសិក្សាលើជំនាញមួយច្បាស់លាស់ ដើម្បីងាយស្រួលរកការងារធ្វើ និងបង្កើនប្រាក់ចំណូល។ ការសិក្សាជំនាញនេះ មិនត្រឹមតែមិនបង់ថ្លៃនោះទេ ប៉ុន្តែថែមទាំងទទួលបានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀលក្នុង១ខែផងដែរ​ ៕

To Top