ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋ បែរមកប្រើក្រមា ជំនួសម៉ាស់ ក្នុងបរិបទ នៃការរីករាលដាល ជំងឺកូវីដ១៩

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ ប្រជាពលរដ្ឋ ឲ្យបែរមកនាំគ្នាប្រើក្រមា ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ជាងកាប្រើប្រាស់ម៉ាស់ ហើយធ្វើឲ្យម៉ាស់ឡើងថ្លៃ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ផ្លូវជាតិ លេខ៥៥ និងបើកការដ្ឋានសាងសង់ ផ្លូវជាតិ១០ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ថា មូលហេតុដែលសម្តេច មិនពាក់ក្រវ៉ាត់ ហើយបែរបង់កក្រមា ដើម្បីការពារជំងឺកូវីដ១៩ ជំនួសឲ្យការប្រើប្រាស់ម៉ាស់ គឺដើម្បីកុំឲ្យម៉ាស់ឡើងថ្លៃ ។

សម្តេចបញ្ជាក់ថា៖ «នេះជាប្រភេទក្រវ៉ាត់កថ្មី ជំនាន់កូរ៉ូណា! ថ្ងៃនេះមានក្រមា! កុំអ្នកលក់ម៉ាស់ឡើងថ្លៃ ហើយស្អែកនេះ ខ្ញុំទៅជួបនិស្សិតបង់កក្រមាទៅទៀត មើលតើទាស់ខុសអី? ម៉ាស់គេប្រើតែ៣ម៉ោងប៉ុណ្ណោះ គេបោះចោលរួចហើយ អីចឹងយើងម្នាក់ៗ ត្រូវស្ពាយម៉ាស់ជាប់ខ្លួនច្រើន ។ ដូច្នេះយើងបែរមកដាក់ក្រមា តាមខ្លួនវាស្រួលជាង» ។

សម្តេចក៏បានលើកឡើងថា ការប្រើប្រាស់ក្រមានេះ នឹងធ្វើឲ្យទីផ្សារក្រមា ដែលជាស្នាដៃ របស់កូនខ្មែរឡើងថ្លៃ និងមានទីផ្សារថែមទៀត ។ ដូច្នេះយើងត្រូវរួមគ្នា ប្រើប្រាស់ក្រមារបស់ខ្មែរ ជាការល្អ ។ ខណៈកន្លងមកក៏មានអ្នកលេង បណ្ដាញសង្គមបង្ហោះការ កែច្នៃក្រមាធ្វើជាម៉ាស់ទៀតផង ។

សម្តេច បានលើកឡើងថា ការប្រើប្រាស់ក្រមាមានភាពងាយស្រួល ក្នុងការប្រើប្រាស់ និងបោកគក់ ។

សម្តេចបញ្ជាក់ថា ៖«ស្អែកនេះខ្ញុំទៅជួបនិស្សិត ហើយយកក្រមាបង់កមើលយើងធ្វើបែបនេះកុំឲ្យម៉ាស់ឡើងថ្លៃ ។ ម៉ាស់គេប្រើតែប៉ុន្មានម៉ោង អីចឹងវានឹងឆ្លងជំងឺចេញពីម៉ាស់នេះទៀត ។ ខ្ញុំបានទទួលជំនួយ ជិត១លានដុល្លារ ពីផ្នែកផលិតសំភារៈ វេជ្ជសាស្ត្រ ខោអាវពេទ្យ និងម៉ាស់ ដែលផលិតនៅរោងចក្រ ខេត្តកំពង់ចាម និងស្វាយរៀង »។
ជាមួយគ្នានោះដែរ សម្តេចតេជោហ៊ុន សែន ក៏បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានប្រទេស១០៩ ហើយដែលឆ្លងជំងឺកូវីដ១៩នេះ ៕

ដោយ ៖ ស សំណាង

To Top