ព័ត៌មានអន្តរជាតិ

លោក Putin៖ ប្រទេសរុស្ស៊ី គ្មានការតាំងចិត្តវាយប្រហារ លើណាតូឡើយ

Xinhua

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រុស្ស៊ីមិនមានចេតនាវាយប្រហារ ប្រទេសសមាជិកណាតូទេ ហើយនឹងសងសឹកលុះត្រាតែ ត្រូវបានវាយប្រហារជាមុនសិន ប្រធានាធិបតី Vladimir Putin បានប្រាប់អ្នកកាសែតអាមេរិកលោក Tucker Carlson នៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

លោកPutinបាននិយាយថា បណ្តាប្រទេសលោកខាងលិច កំពុងព្យាយាមបំភិតបំភ័យប្រជាជន របស់ពួកគេជាមួយនឹងការគំរាមកំហែងរបស់រុស្ស៊ី។ លោក​បាន​បន្ថែម​ថា មនុស្ស​ឆ្លាត​យល់​យ៉ាង​ច្បាស់​ថា នោះ​ជា​រឿង​មិន​ពិត។

លោក Carlson បានសួរប្រធានាធិបតីថាតើ គាត់អាចស្រមៃមើលសេណារីយ៉ូ ដែលអ្នកបញ្ជូនទាហានរុស្ស៊ីទៅប៉ូឡូញដែរឬទេ ជាការឆ្លើយតបលោក Putin បាននិយាយថា៖ មានតែករណីមួយប៉ុណ្ណោះប្រសិនបើ មានការវាយប្រហារលើប្រទេសរុស្ស៊ីពីប៉ូឡូញ។ ហេតុអ្វី? ព្រោះ​យើង​មិន​មាន​ផលប្រយោជន៍​ ក្នុង​ប្រទេស​ប៉ូឡូញ ឡាតវី ឬ សមាជិក​ណាតូ ណា​មួយ​ទៀត។

លោកប្រធានាធិបតីបានបន្តថា៖ អ្នកមិនចាំបាច់ធ្វើជាអ្នកវិភាគ ដើម្បីយល់ថាការចូលរួមក្នុងសង្រ្គាមសកលលោក ផ្ទុយពីសុភវិនិច្ឆ័យនោះទេ។ សង្គ្រាម​ពិភពលោក​នឹង​នាំ​មនុស្ស​ជាតិ​ទាំង​អស់​ទៅ​ដល់​កម្រិត​នៃ​ការ​បំផ្លិចបំផ្លាញ។

រដ្ឋាភិបាលទីក្រុងមូស្គូបានលើកឡើង ម្តងហើយម្តងទៀតអំពីការបន្តពង្រីក របស់អង្គការណាតូទៅភាគខាងកើត និងការគាំទ្ររបស់ខ្លួនចំពោះទីក្រុងគៀវថា ជាមូលហេតុមួយក្នុងចំណោមមូលហេតុ នៃជម្លោះបច្ចុប្បន្ននៅអ៊ុយក្រែន។ មន្ត្រីរុស្ស៊ីក៏បានព្រមានផងដែរថា ការបញ្ជូនសព្វាវុធ និងបរិក្ខារយោធាផ្សេងទៀត ទៅកាន់ប្រទេសអ៊ុយក្រែន នាំឱ្យមានការរីករាលដាលបន្ថែមទៀតប៉ុណ្ណោះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top