ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ប្រាប់ដំណឹងល្អ ដល់កម្មករថា មិត្តចិនបញ្ជូននាវា៧គ្រឿង ដឹកវត្ថុធាតុដើម មកផ្គត់ផ្គង់ ឲ្យរោងចក្រនៅកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រដ្ឋាភិបាលចិន សម្រេចបញ្ជូននាវា៧គ្រឿង ដើម្បីដឹកវត្ថុធាតុដើមមកផ្គត់ផ្គង់ នៅតាមបណ្ដារោងចក្រ ក្នុងប្រទេសកម្ពុជា ដែលថ្ងៃនេះនឹងមកដល់កំពង់ផែ ព្រះសីហនុ បណ្តើរៗហើយ ។

សូមរំលឹកថា កាលពីពេលថ្មីៗនេះ ស្របពេលដែលតាម បណ្ដារោងចក្រមួយចំនួន នៅក្នុងប្រទេសកម្ពុជា កំពុងជួបវិបត្តិខ្វះខាត វត្ថុធាតុដើម ក្នុងការផលិតនោះ លោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានអះអាងថា ប្រទេសចិនកំពុង សម្រុះសម្រួល រកគ្រប់វិធានការ ដើម្បីផ្ដល់វត្ថុធាតុដើម ជូនក្រុមហ៊ុនកម្ពុជា ដើម្បីធ្វើឲ្យការខូចខាត នៃក្រុមហ៊ុនកម្ពុជា ស្ថិតក្នុងកម្រិតទាបបំផុត ។ឆ្លើយតបភ្លាមៗ ទៅកាន់មិត្តចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើការណែនាំឲ្យម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ប្រើប្រាស់យន្តហោះ របស់ប្រទេសកម្ពុជា និងចិន ទៅដឹកជញ្ជូនវត្ថុធាតុដើម ពីប្រទេសចិនមកផ្គត់ផ្គង់នៅកម្ពុជា ឲ្យបានលឿនបំផុត ដើម្បីបញ្ចៀសការ បិទរោងចក្របណ្ដោះអាសន្ន ។

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៥ នៅខេត្តពោធិសាត៍ នាព្រឹក ថ្ងៃទី ៩ខែមីនា ឆ្នាំ២០២០យ៉ាងដូច្នេះថា ៖ «ខ្ញុំសូមជូនជាព័ត៌មានថា ចិនបានរៀបចំនាវា៧គ្រឿង សម្រាប់ដឹកវត្ថុធាតុដើមផ្គត់ផ្គង់ ឲ្យរោងចក្រ ថ្ងៃនេះចាប់ផ្តើម ចូលមកជើងទី១ ស្អែកចូលជើងទី២។ ៧គ្រឿងនេះចំនួន៥គ្រឿង បានចូលចតនៅកំពង់ផែកំពង់សោម និង២គ្រឿងចតនៅហូជីមិញ» ។

សម្តេចបានបន្តថា តំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង បើដឹកពីហូជីមិញ មានភាពជិតជាង ដឹកពីកំពង់សោមវាឆ្ងាយជាង ។ ចិនថា នាវាទាំងនេះនឹងដឹកវត្ថុធាតុដើម មិនមែនតែត្រឹមខែមីនានេះទេ គឺដឹករហូតដល់ខែឧសភា និងរហូតដល់សភាពការណ៍ធូរស្រាល ។

ចំពោះការព្យួរការងារ នៅតាមរោងចក្រមួយ ចំនួននោះសម្តេចតេជោ ក៏បានអំពាវ នាវដល់ម្ចាស់រោងចក្រ សហគ្រាសនានាទី១.សុំ កុំឲ្យម្ចាស់រោងចក្រឆ្លៀត ពេលបញ្ឈប់ ឬព្យួរការងារ លុបចោលនូវកិ ច្ចសន្យាការងារនេះ ជាចំណុចដាច់ខាតមិន កុំឲ្យមានឲ្យសោះ ។ ទី២. សុំមីក្រូហិរញ្ញវត្ថុ ឬធានាគារ លើកលែងការប្រាក់ សម្រាប់កម្មករ ដែលត្រូវបានព្យួរការងារ (ពន្យារការសង ឬមិនយកការប្រាក់) ក្នុងរយៈពេលត្រូវព្យួរការងារ ។ ទី៣.សុំឲ្យម្ចាស់បុរី ឬម្ចាស់ផ្ទះដែលលក់ផ្ទះឲ្យកម្មករ ឬអ្នកធ្វើការនៅតាមសណ្ឋាគារ ហើយត្រូវបានព្យួរ ការងារនេះពន្យាការបង់ប្រាក់ ។ កុំផ្តាច់ការប្រាក់ក្នុងពេលហ្នឹង ។ ព្រោះនៅពេលមិនបង់ការប្រាក់នោះគេនឹងដេញចេញពីផ្ទះ អីចឹងទេ សុំឲ្យមានការ យោគយល់ចំពោះបញ្ហានេះ ។

ក្នុងឱកាសនោះដែរ សម្តេចបានស្នើដល់អគ្គិសនី ក៏ដូចជារដ្ឋាករទឹក ក៏មានការ យោគ យល់ដល់អ្នក ដែលព្យួរការងារឲ្យជំពាក់សិន ព្រោះថា អ្នកទាំងនោះមិនប្រើ ប្រាស់ច្រើន នោះទេ។
ជាមួយគ្នានោះដែរសម្តេចតេជោ បានអះអាងថាកម្មករដែលនឹងត្រូវព្យួរការងារ នោះមិនដល់២ម៉ឺនាក់នោះទេ ។ ចំណោមអ្នកទាំងនេះអាច៥០% ជាប់បំណុលធនាគារ ដោយសារខ្ចីថវិកាធ្វើផ្ទះ និងធ្វើនេះ ធ្វើនោះជាដើម ៕ ដោយ៖ ស សំណាង

To Top