ព័ត៌មានជាតិ

រដ្ឋសភាកម្ពុជា-ហុងគ្រី ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បី ផលប្រយោជន៍ ប្រជាពលរដ្ឋប្រទេសទាំងពីរ និងសកលលោក

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងលោកធីប័រ បាឡូកឌី (Tibor Baloghdi) ឯកអគ្គរដ្ឋទូត ប្រទេសហុងគ្រី ប្រចាំនៅកម្ពុជា បានលើកឡើងពីសារៈសំខាន់ នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរ ដែលមានតំាងពីយូរលង់មកហើយ ដែលមិនត្រឹមតែផ្តល់នូវ ផលយោជន៍ ដល់ប្រទេសនិងប្រជាជនទំាងពីរ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវសុខសន្តិភាព និងស្ថិរភាពសង្គម ដល់ប្រជាពលរដ្ឋ ក្នុងតំបន់និងសកលលោកផងដែរ។

សម្តេចរដ្ឋសភាធិបតី និង ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រី បានលើកឡើងដូច្នេះនៅក្នុងឱកាសជួបពិភាក្សារងារ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព និងបានសង្កត់ធ្ងន់ថា សុខសន្តិភាពដែលកម្ពុជាទទួលបានសព្វថ្ងៃនេះ គឺបានមកដោយលំបាក បានមកពីការធ្វើពលិកម្មដោយយកជីវិតទៅប្តូររបស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនដទៃទៀត។ បច្ចុប្បន្នកម្ពុជាបានក្លាយជាគោលដៅ នៃការសិក្សារៀនសូត្ររបស់ប្រទេសជាមិត្ត ពីការស្វែងរកសន្តិភាព តម្លៃសន្តិភាព និងការថែរក្សាសុខសន្តិភាព នៅក្នុងបរិបទដែលសកលលោក កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ មានការប្រទាញប្រទុងគ្នាលើភូមិសាស្រ្តនយោបាយហើយសង្រ្គាមបានផ្ទុះឡើងនៅគ្រប់តំបន់ នោះ។

លោកធីប័រ បាឡូកឌី ដែលធ្លាប់បានធ្វើដំណើរមកកម្ពុជាកាលពី២៥ឆ្នាំមុន បានសម្តែងនូវការកោតសរសើរនិងចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋកម្ពុជាដែលទទួលបានការអភិវឌ្ឍលើគ្រប់វិស័យនិងឆាប់រហ័ស។
លោកឯកអគ្គរដ្ឋទូត បានឯកភាពចំពោះការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា កម្ពុជានិងហុងគ្រី មានទស្សនវិស័យដូចគ្នា គឺការបង្កើនកិច្ចសហប្រតិបត្តិការនិងរឹតចំណងមិត្តភាព សាមគ្គីភាព ជាមួយគ្រប់ប្រទេសនៅក្នុងសកលលោក។

ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជានិងហុងគ្រីឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើង លោក Kövér László ប្រធានរដ្ឋសភាហុងគ្រី បានគោរពអញ្ជើញសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី ក្នុងពេលវេលាសមស្របណាមួយ។ នៅក្នុងឱកាសជំនួបពិភាក្សាការងារនេះ ឯកអគ្គរដ្ឋទូត បានប្រគល់លិខិតអញ្ជើញ របស់ឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី ជូនសម្តេចរដ្ឋសភាធិបតី ដោយផ្ទាល់ផងដែរ។

សម្តេចប្រធានរដ្ឋសភា បានទទួលយកសំណើនេះ និងបានបង្ហាញក្តីសោមនស្សរីករាយ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ធ្វើដំណើរមកកាន់វិមានរដ្ឋសភានាឱកាសនេះ ទោះបីមាននិវេសនដ្ឋាននៅក្នុងទីក្រុងហាណូយប្រទេសវៀតណាមយ៉ាងណាក្តី។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថា ក្នុងរយៈពេលជិត៧ ទសវត្សរ៍មកនេះ ទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជានិងហុងគ្រី ដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត បានរីកចម្រើននិងលូតលាស់ ជាលំដាប់ ឈរលើស្មារតីស្មោះត្រង់ មិត្តភាព និងយោគយល់គ្នា។ ប្រទេសហុងគ្រី ជាមិត្តដ៏ល្អដែលបានជួយកម្ពុជានៅគ្រាលំបាក ក្រោយកម្ពុជារំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតក្នុងឆ្នាំ១៩៧៩។ ហុងគ្រី បានជួយកម្ពុជាលើគ្រប់វិស័យ ទំាងសង្គមកិច្ច អប់រំ កសិកម្ម និងពាណិជ្ជកម្ម  ហើយថ្មីៗនេះ ក្នុងពេលជំងឺកូវីដ១៩រាតត្បាតមិត្តហុងគ្រី បានផ្តល់ជំនួយវ៉ាក់សំាងដល់កម្ពុជា ផងដែរ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងពីវិស័យអប់រំ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ហុងគ្រី បានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សជាច្រើនដល់កម្ពុជា។ អតីតនិស្សិតខ្មែរដែលធ្លាប់បានទៅសិក្សានៅប្រទេសហុងគ្រី បានក្លាយជាធនធានដ៏សំខាន់បានចូលរួមចំណែកក្នុងការកសាងអភិវឌ្ឍន៍កម្ពុជាយ៉ាងសកម្មនាពេលបច្ចុប្បន្ននេះ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏ជាអតីតនិស្សិតធ្លាប់បានចេញទៅសិក្សានៅប្រទេសហុងគ្រី កាលពីឆ្នាំ១៩៨២ លើជំនាញសារព័ត៌មាន ផងដែរ។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ថា ការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន មិនអាចកាត់ផ្តាច់ចេញពីការចូលរូមគំាទ្ររបស់មិត្តហុងគ្រី នោះឡើយ។ បន្ថែមពីនេះ សម្តេចរដ្ឋសភាធិបតី បានស្នើដល់លោកឯកអគ្គរដ្ឋទូត បន្តស្វែងរកកាលានុវត្តភាពថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅបន្ថែមទៀតក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម ផលិតកម្ម ឌីជីថលនីយកម្ម នវានុវត្តន៍ ជាដើម។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់ប្រទេសហុងគ្រី ជួយចែករំលែកពីបទពិសោធន៍ ក្នុងការដឹកនាំគ្រប់គ្រង អាជីវកម្មធុនតូច និងមធ្យម(SMEs) ដែលជាសក្តានុពលពិសេសមួយរបស់ប្រទេសហុងគ្រីដល់កម្ពុជា ផងដែរ៕

To Top