ព័ត៌មានអន្តរជាតិ

អាមេរិក និងប្រទេស G7 ពិភាក្សាគ្នារឿងរឹបអូសទ្រព្យសម្បត្តិ ៣០០ ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាលរុស្ស៊ី

រូបភាពពី៖​ AFP

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងពិភាក្សាជាមួយប្រទេស G7 ផ្សេងទៀតអំពីមធ្យោបាយដ៏មានសក្តានុពលក្នុងការរឹបអូសយកមូលនិធិអធិបតេយ្យភាពរបស់រុស្ស៊ីដែលបង្កក។ ការអត្ថាធិប្បាយរបស់លោក Matthew Miller បានកើតឡើងភ្លាមៗបន្ទាប់ពីក្រុមប្រឹក្សាអឺរ៉ុបបានអនុម័តវិធានការដែលអាចអនុញ្ញាតឱ្យការប្រាក់ដែលរកបានដោយទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក ត្រូវបានរឹបអូសហើយបញ្ជូនទៅអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានរារាំងទ្រព្យសម្បត្តិប្រមាណ ៣០០ ពាន់លានដុល្លារដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាលរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ ២០២២។ ក្នុងចំណោមទ្រព្យសម្បត្តិទាំងនោះ មាន ១៩៦,៦ ពាន់លានអឺរ៉ូ (២១១ ពាន់លានដុល្លារ) ត្រូវបានកាន់កាប់ដោយការិយាល័យបោសសម្អាត Euroclear ដែលមានមូលដ្ឋាននៅប្រទេសបែលហ្សិក ដែលកាលពីឆ្នាំមុនប្រមូលបានជិត ៤,៤ ពាន់លានអឺរ៉ូក្នុងការប្រាក់ របស់មូលនិធិ។

ខណៈពេលដែលមានការអំពាវនាវឱ្យរឹបអូសប្រាក់ទាំងស្រុង ហើយប្រគល់ប្រាក់ទាំងនោះទៅឱ្យអ៊ុយក្រែន , មជ្ឈដ្ឋានខាងក្រៅបានព្រមានថា ការរឹបអូសនេះអាចបំផ្លាញការជឿទុកចិត្តជាសកលនៅក្នុងវិស័យធនាគាររបស់សហភាពអឺរ៉ុប ក៏ដូចជាការសង្ស័យពីទស្សនៈផ្លូវច្បាប់ផងដែរ។

នៅពេលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយលើការសម្រេចចិត្តរបស់ក្រុមប្រឹក្សាអឺរ៉ុបក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ លោក Miller បាននិយាយថា សហរដ្ឋអាមេរិក “ត្រូវបានលើកទឹកចិត្តដោយសកម្មភាពណាមួយដែលសហភាពអឺរ៉ុបអាចអនុវត្តក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដើម្បីផលប្រយោជន៍របស់អ៊ុយក្រែន” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top