បរទេស៖ មជ្ឈិមបូព៌ាបានក្លាយ ជាប្រទេសនាំចូលត្រីធូណាធំ ជាងគេទីបួនរបស់វៀតណាម បន្ទាប់ពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងទីផ្សារ CPTPP ដែលស្មើនឹងជិត ១០ ភាគរយនៃតម្លៃ នាំចេញត្រីធូណាសរុប របស់វៀតណាម, នេះបើតាម សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម ( VASEP) បាននិយាយ ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ស្ថិតិរបស់អគ្គនាយកដ្ឋានគយបានបង្ហាញថា វៀតណាមកាលពីឆ្នាំមុនបាននាំចេញត្រីធូណា ដែលតម្លៃ ៨២ លានដុល្លារទៅកាន់ប្លុកនេះ។
ការនាំចេញត្រីធូណារបស់វៀតណាមទៅកាន់ទីផ្សារមួយចំនួននៅទូទាំងតំបន់មជ្ឈិមបូព៌ា បានកត់ត្រាពីការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ ២០២៣ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ជាពិសេស ការនាំចេញត្រីធូណាទៅកាន់ប្រទេសអ៊ីស្រាអែល លីបង់ អេមីរ៉ាតអារ៉ាប់រួម (UAE) និងប្រទេសតួកគី បានកើនឡើង ៣៧ ភាគរយ ១៧ ភាគរយ ២៣ ភាគរយ និង ៧៣ ភាគរយរៀងគ្នា។
ការនាំចេញទៅកាន់ទីផ្សារផ្សេងទៀត ក្នុងប្លុកបានឃើញការធ្លាក់ចុះខ្លាំង រួមទាំងប្រទេសអេហ្ស៊ីបធ្លាក់ចុះ៤៧ភាគរយ និងអារ៉ាប៊ីសាអូឌីតធ្លាក់ចុះ៧៨ភាគរយ ។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ពីទីផ្សារអ្នកប្រើប្រាស់សំខាន់ៗ អាជីវកម្មត្រីធូណាវៀតណាម ត្រូវបានគេមើលឃើញថា កាន់តែតូចទៅៗ ប៉ុន្តែទីផ្សារមានសក្តានុពលដូចជាមជ្ឈឹមបូព៌ា ដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញ៕
ប្រែសម្រួលៈ ណៃ តុលា