ព័ត៌មានជាតិ

ឃាត់ខ្លួនចិន-វៀតណាម៤នាក់ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ បើករត់ទៅបុករថយន្ត២គ្រឿងបន្តបន្ទាប់ ចុងក្រោយបុកបង្គោលភ្លើង

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន ជនជាតិចិន និងវៀតណាម ប្រុសស្រីចំនួន៤នាក់ ពាក់ព័ន្ធបង្កគ្រោះថ្នាក់ ចរាចរណ៍ជាបន្តបន្ទាប់ ហើយបើករត់គេច ទៅបុកបង្គោលភ្លើងថ្ម​ កាលពីម៉ោង២០និង៣០នាទី នារាត្រីថ្ងៃទី១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ ។

ផេកស្នងការរាជធានីភ្នំពេញ នាព្រឹកថ្ងៃ១៥ កុម្ភៈ បានឲ្យដឹងពីហេតុការណ៍ នៃគ្រោះថ្នាក់ចរាចរណ៍បង្កដោយជនជាតិចិន និងវៀតណាមថា នារាត្រីថ្ងៃ១៤ កុម្ភៈដែលជាទិវានៃក្តីស្រឡាញ់​ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្តម៉ាក Lexus GS300 ពណ៌​ស​ ពាក់ផ្លាកលេខ 2AF-1927 មានគ្នា៤នាក់​ ស្រី២នាក់​ បានប៉ះជាមួយ​រថយន្តម៉ាកToyota Prius ពណ៌​ស​ នៅចំណុចវត្ត​បុទុមវត្តី​ កែងផ្លូវ២៤០​ រួចបើករថយន្តបើកគេច មកដល់ចំណុច​ ស្តុបផ្សារដើមគរ​ បានប៉ះជាមួយ រថយន្ត ១គ្រឿងទៀត ម៉ាក ​Mercedes ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ កម្ពុជា KD7.BENZ​ ហើយបើកគេចរហូត ដល់ចំណុចស្តុបណប្រីដ​ លើផ្លូវ២០០៤​ សង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ ក៏បុកបង្គោលភ្លើងថ្ម​ បណ្តាលឲ្យខូចខាត រថយន្តធ្ងន់ធ្ងរ មិនអាចបន្តដំណើរទៅមុខបាន ​៕

To Top