ព័ត៌មានជាតិ

សមាគម ធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ដាក់ចេញវិធានការ ការពារផលប៉ះពាល់ការ រីករាលដាលជាសកល នៃវីរុស Covid-19

ភ្នំពេញ៖សមាគមធនាគារ នៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដាក់ចេញនៅវិធានការ៣ ដើម្បីការពារផលប៉ះពាល់ បណ្តាលមកពីការរីករាលដាល ជាសកលនៃវីរុស Covid-19 ។

យោងតាមសេចក្តីថ្លែងការណ៍រួម នៃសមាគមធនាគារ នៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងនៅថ្ងៃទី ៩ ខែមីនា នេះថា វិធានការការពារផលប៉ះពាល់ បណ្តាលមកពីការីករាលដាល ជាសកលនៃវីរុស Covid-19 សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមធ្វើការគាំទ្រនូវវិធានការ ការពារផលប៉ះពាល់ជាអវិជ្ជមាន បណ្តាលមកពីការរីករាលដាលជា សកលនៃវីរុស Covid-19 ដែលបានដាក់ចេញ ដោយធនាគារជាតិ នៃកម្ពុជាកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីការពាររួមមានទី ១ លើកទឹកចិត្តដល់សមាជិកសមាគម ឲ្យបន្តផ្តល់ឥណទានដល់វិស័យអាទិភាព ជាពិសេសចំពោះអាជីវកម្ម ផ្នែកសណ្ឋាគារ ផ្ទះសំណាក់ ទេសចរណ៍ សំណង់ វាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ដើម្បីធានានិរន្តរភាព អាជីវកម្មទាំងនោះ ។ ទី២ សមាជិកសមាគមគប្បីរក្សាភាពទន់ភ្លន់ និងពិនិត្យ តាមលទ្ធភាពជាក់ស្តែង ក្នុងការដោះស្រាយបំណុល យឺតយ៉ាវ ដែលបណ្តាលមកពីផលប៉ះពាល់នៃវីរុស Covid-19 និងទី៣ សមាជិកសមាគម ត្រូវបន្តតាមដាន និងដាក់ចេញវិធានការ ការពារការរីករាលដាលនៃវីរុស Covid-19 ទៅលើបុគ្គលិក និងអតិថិជន ដើម្បីធានាឱ្យបាននិរន្តរភាពប្រតិបត្តិការ របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាប្រក្រតី ។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏សូមយកឱកាសនេះ អំពាវនាវដល់សមាជិកទាំងអស់រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានឥណទានជនបទ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ចូលរួមអនុវត្តនូវវិធានការ ការពារទាំងនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ជាយថាហេតុ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។

បន្ថែមលើវិធានការការពារខាងលើ សមាជិកសមាគមទាំងពីរ ក៏បាននឹងកំពុងចូល រួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងសហហិរញ្ញប្បទានទ្រទ្រង់ សហគ្រាសធុនតូចនិងមធ្យម តាមរយៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
គម្រោងនេះនឹងផ្តល់ទុន ក្នុងអត្រាការប្រាក់សមរម្យ ដល់សហគ្រាសធនតូចនិងមធ្យម នៅកម្ពុជាលើវិស័យអាទិភាពហើយ ដែលគ្រោងនឹងចាប់ដំណើរការ ក្នុងពេលឆាប់ៗ ខាងមុខនេះ ៕

To Top