ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានណែនាំដល់សមត្ថកិច្ច បន្ដអនុវត្តសកម្មភាពទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីធានាបាននូវគុណភាព និងសោភ័ណភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
ក្នុងពិធីបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹង ការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោករដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈសិក្ខាសាលាថ្ងៃនេះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងទទួលបាននូវពុទ្ធិបន្ថែម ទាំងផ្នែកច្បាប់ និងបច្ចេកទេសផ្លូវថ្នល់ពាក់ព័ន្ធនឹងការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលរាជរដ្ឋាភិបាលបានកំណត់ដាក់ចេញជាវិធានការអនុវត្តមុតស្រួច ក៏ដូចជាគោលការណ៍សំខាន់ៗផ្សេងៗ ដើម្បីលើកកម្ពស់ការដឹកជញ្ជូន ការប្រកួតប្រជែង និងឡូជីស្ទីក។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណជូនថ្នាក់ដឹកនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ក្រុមការងារជញ្ជីងចល័តចម្រុះ និងអចល័ត គណៈអភិបាល រាជធានី-ខេត្ត ស្នងការដ្ឋានរាជធានី-ខេត្ត សមាគមដឹកជញ្ជូន ក្រុមហ៊ុនដឹកជញ្ជូន និងភាគីពាក់ព័ន្ធ ដែលបានចូលរួមផ្តល់កិច្ចសហការ និងអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងរយៈពេលកន្លងមក។
លោករដ្ឋមន្ត្រី បានស្នើដល់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ គ្រប់សមត្ថកិច្ច ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ សូមបន្តបង្កើនកិច្ចសហការ និងសម្របសម្រួលជាមួយគ្នាឱ្យបានកាន់តែជិតស្និទ្ធ ដើម្បីកែលម្អចំណុចខ្វះខាត និងបញ្ហាប្រឈមនានា និងសូមបន្តយកចិត្តទុកដាក់បំពេញការងារឱ្យបានកាន់តែល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវ ជាពិសេស បន្តការដឹកនាំគ្រប់គ្រង និងចុះអនុវត្តសកម្មភាពទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីធានាបាននូវគុណភាព និងសោភ័ណភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
សូមរំលឹកថា សិក្ខាសាលានាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងផ្នែកច្បាប់ និងបច្ចេកទេសផ្លូវថ្នល់ ពាក់ព័ន្ធនឹងការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ជូនដល់មន្ត្រីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដែលទទួលបន្ទុកលើការងារទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងភាគីពាក់ព័ន្ធ រួមមាន សមាគមដឹកជញ្ជូន និងក្រុមហ៊ុនដឹកជញ្ជូនទំនិញផ្សេងៗ ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
គួររម្លឹកដែរថានៅក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន លើកទី១៩ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជូនក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងសិក្សាពីបច្ចេកទេសឱ្យបានគ្រប់ ជ្រុងជ្រោយ ដើម្បីកំណត់ប្រភេទរថយន្ត និងប្រភេទផ្លូវដែលអាចប្រើប្រាស់បានសម្រាប់ការ ដំឡើងកម្រិតទម្ងន់រថយន្តដឹកទំនិញពី ៤០តោន ទៅដល់ ៤៥តោន៕