ប៉េកាំង៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានយល់ព្រមជាមួយអ្នកការទូតកំពូលរបស់ចិនលោក វ៉ាង យី ថាមន្ត្រីជាន់ខ្ពស់គួរតែតាមដានការពិភាក្សារបស់ភាគីទាំងពីរស្តីពីកូរ៉េខាងជើង និងមជ្ឈិមបូព៌ា។
ខណៈពេលដែលមាន “ការពិភាក្សាដោយស្មោះត្រង់ និងស្ថាបនា” ជាមួយលោក វ៉ាង យី នៅទីក្រុងម៊ុយនិក លោក Blinken ក៏បានលើកឡើងពីការព្រួយបារម្ភ ចំពោះប្រទេសចិន ដែលគាំទ្រការឈ្លានពានរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជានៅក្នុងសមុទ្រចិនខាងត្បូង នេះបើតាមលោក Matthew Miller អ្នកនាំពាក្យ។
កិច្ចប្រជុំលើកដំបូងចាប់តាំងពីខែតុលារវាងអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក និងចិនបានធ្វើឡើងនៅខាងក្រៅសន្និសីទសន្តិសុខនៅទីក្រុងអាល្លឺម៉ង់ ដោយប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងកម្រិតខ្ពស់ជាញឹកញាប់។
លោក វ៉ាង យី បានប្រាប់លោក Blinken ថាភាគីទាំងពីរគួរតែ “ប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងស្វែងរកយ៉ាងសកម្មនូវវិធីត្រឹមត្រូវសម្រាប់មហាអំណាចទាំងពីរក្នុងការចុះសម្រុងគ្នា” នេះបើយោងតាមក្រសួងការបរទេសរបស់ប្រទេសចិន។
ប្រភពបានដកស្រង់សម្តីលោក វ៉ាង យី ដែលជាមន្ត្រីគោលនយោបាយការបរទេសជាន់ខ្ពស់បំផុតនៅក្នុងបក្សកុម្មុយនិស្តចិន ដោយថា សហរដ្ឋអាមេរិក គួរតែមើលការអភិវឌ្ឍន៍របស់ប្រទេសនេះ “ដោយចេតនា និងគោរពតាមគោលការណ៍ចិនតែមួយ ប្រសិនបើខ្លួនពិតជាសង្ឃឹម សម្រាប់ស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់”៕ ប្រែសម្រួល ឈូក បូរ៉ា