ព័ត៌មានអន្តរជាតិ

ក្រុមឧទ្ទាមហួធី ប្រើប្រាស់នាវាគ្មានមនុស្សបើកក្រោមទឹកជាលើកដំបូង ក្នុងការវាយប្រហារ នៅសមុទ្រក្រហម

រូបភាពពី៖​ RT News

បរទេស៖ ក្រុមឧទ្ទាម ហួធី នៅក្នុងប្រទេសយេម៉ែន បានប៉ុនប៉ងប្រើប្រាស់កប៉ាល់គ្មានមនុស្សបើកធុនតូច ជាលើកដំបូង ប៉ុន្តែ វាត្រូវបានបំផ្លាញនៅក្នុងការវាយប្រហាររបស់ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍។ នេះបើតាមទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានអះអាង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា CENTCOM បានប្រកាសនៅលើ X (អតីត Twitter) កាលពីថ្ងៃអាទិត្យថា កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារជាបន្តបន្ទាប់ចំនួនប្រាំលើក ដោយបានវាយប្រហារទៅលើកាំជ្រួច Cruise របស់ក្រុមឧទ្ទាមហួធី ចំនួន ៣គ្រាប់, កប៉ាល់គ្មានមនុស្សបើក (USV) មួយគ្រឿង និងនាវាក្រោមទឹកគ្មានមនុស្សបើកមួយគ្រឿង (UUV) កាលពីថ្ងៃសៅរ៍។

យោធាអាមេរិកបានសរសេរថា “នេះគឺជារកឃើញជាលើកដំបូងនៃឧបករណ៍ដែលជានាវាក្រោមទឹកគ្មានមនុស្សបើក ត្រូវបានដាក់ពង្រាយរបស់ក្រុមឧទ្ទាម ហួធី ចាប់តាំងពីការវាយប្រហារបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែតុលា” ដោយអះអាងថាវាបង្ហាញពី “ការគំរាមកំហែងជិតមកដល់” ចំពោះកប៉ាល់កងទ័ពជើងទឹកអាមេរិក និងនាវាពាណិជ្ជកម្មនៅក្នុងតំបន់នោះ។

ចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការយោធាអ៊ីស្រាអែលនៅហ្គាហ្សាមក ពួកសកម្មប្រយុទ្ធ ហួធី ដែលគ្រប់គ្រងផ្នែកធំនៅក្នុងប្រទេសយេម៉ែន បានរំខាននាវាជាច្រើនដែលឆ្លងកាត់សមុទ្រក្រហម។ ក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅហ្កាហ្សា ក្រុមឧទ្ទាម ហួធីបានប្តេជ្ញាថានឹងវាយប្រហារលើកប៉ាល់ណាដែលពួកគេរកឃើញថា មានទំនាក់ទំនងជាមួយអ៊ីស្រាអែលរហូតដល់ការឡោមព័ទ្ធហ្កាហ្សា ត្រូវបានបញ្ឈប់។

ជាការឆ្លើយតប សហរដ្ឋអាមេរិកបានបើកដំណើរការចម្រុះដែនសមុទ្រអន្តរជាតិ ដើម្បីល្បាតនៅសមុទ្រក្រហមហៅថា ‘Prosperity Guardian’ ដោយមានគោលដៅចែងថា ការពារផ្លូវដឹកជញ្ជូន។ ចាប់តាំងពីពាក់កណ្តាលខែមករាមក សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានធ្វើការវាយប្រហារតាមអាកាស និងតាមសមុទ្រប្រឆាំងនឹង “កន្លែងឃ្លាំងក្រោមដីជាច្រើន ប្រព័ន្ធបញ្ជា និងការគ្រប់គ្រង ប្រព័ន្ធមីស៊ីល កន្លែងផ្ទុក UAV និងទីតាំងប្រតិបត្តិការ រ៉ាដា និងឧទ្ធម្ភាគចក្រ” ក្នុងប្រទេសយេម៉ែន ក្នុងការប៉ុនប៉ងដើម្បី “ធ្វើឱ្យខូចសមត្ថភាពរបស់ក្រុមឧទ្ទាម ហួធី” ក្នុងការវាយប្រហារនាវាយោធា និងនាវាពាណិជ្ជករ៕ ប្រែសម្រួលៈ ណៃ តុលា

To Top