បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មើលទៅមានជំងឺធ្ងន់ធ្ងរ នៅពេលដែលលោកបង្ហាញខ្លួនក្នុងករណីប្រមាថព្រះមហាក្សត្រនៅការិយាល័យអគ្គព្រះរាជអាជ្ញា (OAG) នៅថ្ងៃចន្ទ, នេះបើយោងតាមព្រះអាជ្ញាជាន់ខ្ពស់មួយរូប។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Preecha Sudsa-nguan អគ្គនាយកនៃការិយាល័យសំណុំរឿងព្រហ្មទណ្ឌរបស់ ការិយាល័យអគ្គព្រះរាជអាជ្ញា (OAG) បាននិយាយថា លោកបានជួបលោក ថាក់ស៊ីន នៅពេលដែលលោករាយការណ៍ទៅព្រះរាជអាជ្ញាកាលពីព្រឹកថ្ងៃចន្ទ ហើយអតីតនាយករដ្ឋមន្ត្រី មើលទៅហាក់ដូចជាមានជំងឺធ្ងន់ធ្ងរ។
លោក ថាក់ស៊ីន អង្គុយលើរទេះរុញ ព្រោះគាត់ខ្សោយពេកមិនអាចដើរបាន។ លើសពីនេះ លោក ថាក់ស៊ីន មិនអាចនិយាយបាន និងពាក់ឧបករណ៍ការពារនៅត្រង់ ក ផងដែរ។
លោកថាក់ស៊ីនត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍រាជាធិបតេយ្យនៅក្នុងការអត្ថាធិប្បាយដែលបានធ្វើឡើងនៅទីក្រុងសេអ៊ូលក្នុងខែឧសភា ឆ្នាំ ២០១៥ អំឡុងពេលសម្ភាសន៍ជាមួយសារព័ត៌មាន Chosun Ilbo។ លោកបានអះអាងថា ក្រុមប្រឹក្សាព្រះមហាក្សត្រថៃ បានគាំទ្ររដ្ឋប្រហារថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៤ ដែលបានទម្លាក់រដ្ឋាភិបាលដែលបង្កើតឡើងដោយប្អូនស្រីវ័យក្មេងរបស់លោក គឺលោកស្រី Yingluck Shinawatra៕ ប្រែសម្រួលៈ ណៃ តុលា