ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំ បន្ដអនុវត្តផែនការមេ និងការព្យាករណ៍ផែនការមេ ផ្លូវជនបទ ដោយមានការចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក, អគ្គនាយករង, ប្រធាននាយកដ្ឋាន, ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ។
លោករដ្ឋមន្ត្រី បានលើកឡើងថា យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ផ្លូវគឺនៅតែជាអាទិភាពសំខាន់ទី២ បន្ទាប់ពីធនធានមនុស្ស និងជាឆ្អឹងខ្នងសេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅកាន់ច ក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និង ឆ្នាំ២០៥០។
ដើម្បីសម្រេចបានចក្ខុវិស័យ ឆ្នាំ២០២៤- ២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺ “កសាងតំបន់ជនបទប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” លោក ឆាយ ឫទ្ធិសែន បានផ្ដល់អនុសាសន៍សំខាន់ៗ ដែលជាទិសដៅ អនុវត្តបន្ត ដូចខាងក្រោម៖
១/ ត្រូវពង្រឹងការអនុវត្ដតាមផែនការមេ នៃផ្លូវជនបទឆ្នាំ២០៣០ ដែលបានអនុម័តរួចរាល់ តម្រង់ឆ្ពោះទៅការស្ថាបនាផ្លូវអាទិភាព តាមបណ្តាស្រុកគោលដៅ។
២/ ត្រូវពង្រឹងគុណភាព ស្ថាបនាផ្លូវជនបទ តាមរយៈការពង្រឹងយន្តការលទ្ធកម្ម ការត្រួតពិនិត្យគុណភាព។
៣/ ត្រូវសិក្សាបច្ចេកទេស ឬនវានុវត្តន៍ថ្មីៗតាមរយៈការស្វែងរកវត្ថុធាតុដើមថ្មី (Road Stabilizer) ដែលអាចជួយសន្សំថវិកាជាតិ និងពង្រឹងគុណភាពផ្លូវ ក៏ដូចជាធន់នឹងការប្រែប្រួលអាកាសធាតុ។
៤/ ត្រូវពង្រឹងគុណភាព ស្ថាប័ន និងគុណវុឌ្ឍិមន្ត្រីជំនាញ ត្រួតពិនិត្យបច្ចេកទេស និងមន្ទីរពិសោធន៍។
៥/ ត្រូវបន្តទំនាក់ទំនង ស្វែងរក និងសហការជាមួយដៃគូអភិវឌ្ឍន៍ និងបណ្តាស្ថាប័នរដ្ឋ និងឯកជន៕