ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញបំណងចង់ទៅឥណ្ឌា ដើម្បីបង្ហាញសក្តានុពលសំខាន់ៗ ដែលអ្នកវិនិយោគឥណ្ឌា គួរជ្រើសរើសយកកម្ពុជា

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញបំណងចង់ទៅប្រទេសឥណ្ឌា ដើម្បីបង្ហាញពីសក្ដានុពលសំខាន់ៗ ដែលអ្នកវិនិយោគិនរបស់ឥណ្ឌា គួរជ្រើសរើសយកកម្ពុជា ជាទីតាំងវិនិយោគរបស់ខ្លួន។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងបែបនេះ នាឱកាសអនុញ្ញាតឲ្យលោកស្រីបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២១ កុម្ភៈ ក្នុងគោលបំណងដើម្បីពិភាក្សា អំពីកិច្ចសហប្រតិបត្តិការ នាពេលកន្លងមករវាងប្រទេសទាំងពីរ ពិសេសការគាំទ្ររបស់ឥណ្ឌា លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការសម្របសម្រួលឲ្យមាន ជើងហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា ក៏ដូចជាដើម្បីពិនិត្យពិភាក្សាលើការជំរុញ នីតិវិធីរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ឥណ្ឌា ដើម្បីសំដៅធ្វើយ៉ាងណាឲ្យចំណងការទូត និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានស្នើសុំការសហការស្របសម្រួល ពីលោកស្រីបណ្ឌិត ដើម្បីអាចឲ្យគណៈប្រតិភូកម្ពុជាធ្វើដំណើរទៅឥណ្ឌា ជួបពិភាក្សាការងារនិងបង្ហាញពីសក្ដានុពលសំខាន់ៗ ដែលវិនិយោគិនឥណ្ឌាគួរជ្រើសរើសយកកម្ពុជា ជាទីតាំងវិនិយោគរបស់ខ្លួន។

បន្ថែមពីនេះផងដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបពី ផែនការមេរបស់កម្ពុជាដែលមាន សក្ដានុពលសម្រាប់វិនិយោគិនឥណ្ឌា អាចពិនិត្យលទ្ធភាពជ្រើសរើស គម្រោងវិនិយោគរបស់ខ្លួន ចេញពី “ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣” ដែលជាផែនការមេថ្នាក់ជាតិ មានគម្រោងចំនួន១៧៤គម្រោង ប្រមូលផ្ដុំដោយផែនការមេចំនួន៧ សំយោគបញ្ចូលគ្នារួមមាន ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ ភស្តុភារកម្ម ផ្លូវអាកាស និងដឹកជញ្ជូនអន្តរមធ្យោបាយ។

ជាមួយគ្នានេះដែរ ក្រោយសង្កេតឃើញមានកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជាជាមួយបណ្ដាប្រទេសនានា រហូតសម្រេចដល់មានរៀបចំបង្កើត តំបន់សេដ្ឋកិច្ចពិសេស មានជាអាទិ៍ តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន តំបន់សេដ្ឋកិច្ចពិសេសបៃតងកម្ពុជា-អង់គ្លេស គឺជាទឡ្ហីករជំរុញឲ្យលោកស្រីបណ្ឌិត បង្ហាញចំណាប់អារម្មណ៍ និងទស្សនទានចង់ឃើញមាន តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ឥណ្ឌា ដែលផ្ដោតលើគម្រោងវិនិយោគបច្ចេកវិទ្យា ជាស្នូល ៕

To Top