គៀវ៖ យោងតាមវិទ្យាស្ថានស្រាវជ្រាវរបស់អង់គ្លេស បានឱ្យដឹងថា មីស៊ីលកូរ៉េខាងជើង ដែលបានបាញ់ទៅកាន់ភាគខាងកើតអ៊ុយក្រែន ដោយប្រទេសរុស្ស៊ី មានផ្ទុកនូវសមាសធាតុអេឡិចត្រូនិចរាប់រយ ដែលតាមដានក្រុមហ៊ុន ដែលមានទីស្នាក់ការនៅអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន ចិន និងកន្លែងផ្សេងទៀត។
ការរកឃើញដោយ Conflict Armament Research បង្ហាញថា កូរ៉េខាងជើង អាចទទួលបានគ្រឿងបន្លាស់ពីបរទេស ដើម្បីផលិតអាវុធ គេចផុតពីការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដើម្បីទប់ស្កាត់កម្មវិធីអភិវឌ្ឍន៍មីស៊ីលផ្លោង និងនុយក្លេអ៊ែររបស់ខ្លួន។
វិទ្យាស្ថានបានវិភាគកំទេចកំទីពីមីស៊ីល ដែលផលិតដោយកូរ៉េខាងជើង ដែលបានរកឃើញពីទីក្រុង Kharkov ភាគខាងកើតអ៊ុយក្រែន កាលពីថ្ងៃទី០២ ខែមករា ហើយបានរកឃើញថា គ្រឿងអេឡិចត្រូនិកជាង ២៩០របស់វាមានម៉ាកយីហោរបស់ក្រុមហ៊ុនចំនួន ២៦ ដែលមានទីស្នាក់ការនៅក្នុងប្រទេសចិន អាល្លឺម៉ង់ ជប៉ុន ហូឡង់ សិង្ហបុរី ស្វីស តៃវ៉ាន់ និងសហរដ្ឋអាមេរិក។
វិទ្យាស្ថានបានឲ្យដឹងថា ក្នុងចំណោមសមាសធាតុ ៧៥,៥ភាគរយទាក់ទងនឹងក្រុមហ៊ុននៅសហរដ្ឋអាមេរិក ១១,៩ភាគរយចំពោះក្រុមហ៊ុននៅប្រទេសអាល្លឺម៉ង់ និង ៣,១ ភាគរយចំពោះក្រុមហ៊ុននៅក្នុងប្រទេសជប៉ុន ដោយភាគច្រើនផលិតក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។
វិទ្យាស្ថាននៅក្នុងរបាយការណ៍នេះបានឲហយដឹងថា ប្រទេសកូរ៉េខាងជើង “បានបង្កើតបណ្តាញទិញយកដ៏រឹងមាំមួយ ដែលមានសមត្ថភាពអាចជៀសផុត ដោយគ្មានការរកឃើញ នូវរបបទណ្ឌកម្ម ដែលមានតាំងពីជិតពីរទសវត្សរ៍មកហើយ” ប៉ុន្ដែអង្គភាពមិនបានបង្ហាញឈ្មោះក្រុមហ៊ុនទាំងនោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា