បរទេស៖ ប៉ូលិសរបស់ប្រទេសថៃ បានចាប់ខ្លួនបុរសម្នាក់ដែលបានប៉ុនប៉ងរំលោភ និងប្លន់អ្នកទេសចរចិនម្នាក់ នៅក្បែរព្រៃផ្លូវក្បែរក្លឹប Siam Country ក្នុងក្រុង ប៉ាតាយ៉ា ខេត្ត ឈុនបុរី កាលពីយប់ថ្ងៃទី ១៨ ខែកុម្ភៈ។
យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ស្ត្រីជនជាតិចិនអាយុ ២៩ឆ្នាំត្រូវបានគេស្គាល់ថា Meilin បានប្រាប់ប៉ូលីសនៅស្ថានីយ៍ Nong Prue កាលពីថ្ងៃអាទិត្យថា នាងត្រូវបានវាយប្រហារនិងប្លន់ដោយបុរសជនជាតិថៃ។ នាងបាននិយាយថា ជនសង្ស័យ រួមនឹងបុរសជនជាតិថៃម្នាក់ទៀត បានឲ្យនាង និងប្អូនប្រុសរបស់នាងជិះជាមួយ ខណៈពួកគេកំពុងរង់ចាំការដឹកជញ្ជូនសាធារណៈ នៅលើផ្លូវ Satthip-Nakhon Ratchasima ចម្ងាយប្រហែល ១០គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។
ស្ត្រីរូបនេះបាននិយាយទៀតថា នាងនិងប្អូនប្រុសបានព្រមព្រៀងគ្នានឹងបុរសទាំងពីរទៅតំបន់ប៉ាតាយ៉ាខាងត្បូង ដោយជិះម៉ូតូដាច់ពីគ្នា ប៉ុន្តែបុរសដែលនាងជិះម៉ូតូជាមួយនោះបានជិះខុសផ្លូវ ហើយបង្ខំនាងចុះពីលើម៉ូតូ រួចព្យាយាមចាប់រំលោភ។
នៅពេលដែលការប៉ុនប៉ងចាប់រំលោភមិនបានសម្រេច, បុរសនោះបានចងដៃ និងជើងរបស់នាង យកលុយរបស់នាងចំនួន ១៥.០០០បាត និង ១៥.០០០យ័នចិន ហើយដុតស្មៅជុំវិញកន្លែងកើតហេតុ ដើម្បីបំផ្លាញភស្តុតាង មុនពេលរត់គេចខ្លួនពីកន្លែងកើតហេតុ៕ ប្រែសម្រួលៈ ណៃ តុលា