ព័ត៌មានអន្តរជាតិ

អាមេរិកថា ប្រធានាធិបតីរុស្ស៊ី ជូនអំណោយរថយន្តផលិតដោយរុស្ស៊ី ទៅប្រធានាធិបតីកូរ៉េខាងជើង គឺជារឿងខុសច្បាប់

Sputnik

បរទេស៖ ក្រសួងការបរទេសអាមេរិកបានអះអាងថា រុស្ស៊ីបានបំពានលើទណ្ឌកម្ម អន្តរជាតិលើកូរ៉េខាងជើង នៅពេលដែលប្រធានាធិបតីរុស្ស៊ី គឺលោក វ្ល៉ាឌីមៀ ពូទីន បានជូនអំណោយជារថយន្តទំនើបមួយគ្រឿង ដល់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅពេលសួរអំពីការជូនអំណោយ ជារថយន្តទំនើបមួយគ្រឿងនេះ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បាននិយាយថា ការបញ្ជូនរបស់ពូទីននៃរថយន្តម៉ាក Aurus ដែលផលិតដោយរុស្ស៊ីទៅកាន់លោក គីម ជុងអ៊ុន គឺទំនងជាបានប្រព្រឹត្តខុសចំពោះការពិន័យ របស់អង្គការសហប្រជាជាតិលើទីក្រុងព្យុងយ៉ាង។

សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិតម្រូវឱ្យរដ្ឋសមាជិក អង្គការសហប្រជាជាតិទាំងអស់ ហាមឃាត់ទាំងការផ្គត់ផ្គង់យានជំនិះ និងការផ្គត់ផ្គង់រថយន្តទំនើបដល់កូរ៉េខាងជើង ហើយប្រសិនបើនេះជាការពិត វានឹងលេចឡើងជាថ្មីម្តងទៀត ដែលរុស្ស៊ីរំលោភលើសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលខ្លួនបានគាំទ្រ»។

លោក Miller បាននិយាយបែបលេងសើចថា លោក គីម ជុងអ៊ុន គួរតែទទួលបាន “ការធានាបន្ថែម” ទៀត។

ចំណែក អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានច្រានចោលការលើកឡើងណាមួយដែលថា ទីក្រុងមូស្គូបានរំលោភលើទណ្ឌកម្ម ប៉ុន្តែឆ្លើយតបទៅនឹងការចោទប្រកាន់ ស្រដៀងគ្នាពីមន្ត្រីកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារ។

អំណោយរបស់លោកពូទីន ត្រូវបានរាយការណ៍ជាលើកដំបូង កាលពីថ្ងៃអង្គារនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ រដ្ឋកូរ៉េខាងជើងដែលបាននិយាយថា រថយន្តនេះត្រូវបានផ្ទេរទៅឱ្យ អាជ្ញាធរកូរ៉េខាងជើងកាលពីចុងសប្តាហ៍មុន។ លោកស្រី គីម យូចុង ប្អូនស្រីរបស់លោក គីម ជុងអ៊ុន និងជាមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងបានហៅវគ្គនេះថា “ការបង្ហាញយ៉ាងច្បាស់អំពី ទំនាក់ទំនងផ្ទាល់ខ្លួនពិសេស” រវាងពូទីន និងបងប្រុសរបស់លោកស្រី ៕

ប្រែសម្រួលៈ ណៃ តុលា

To Top