ម៉ូស្គូ៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ទំនាក់ទំនងរុស្ស៊ី-អាមេរិក នឹងមិនមានភាពប្រសើរឡើង ក្នុងប៉ុន្មានឆ្នាំខាងមុខ និងសូម្បីតែច្រើនទសវត្សរ៍ខាងមុខក៏ដោយ។
លោក Medvedev បានលើកឡើងថា “ជំហរបច្ចុប្បន្នរបស់ខ្ញុំ អនុញ្ញាតឱ្យខ្ញុំនិយាយយ៉ាងច្បាស់លាស់ និងបើកចំហជាងអំឡុងពេលផ្សេងទៀត” ដោយបន្ថែមថា តាមទស្សនៈរបស់លោក វានឹងមិនអាចទៅរួចទេ សម្រាប់ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ក្នុងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងក្នុងឆ្នាំខាងមុខ។
លោកបានលើកឡើងថា ប្រទេសទាំងពីរនឹងមិនអាចអភិវឌ្ឍ ទំនាក់ទំនងធម្មតាបានទេក្នុងប៉ុន្មានឆ្នាំខាងមុខ បន្ទាប់ពីអ្វីដែលបានកើតឡើង មិនថាអ្នកណាកាន់អំណាច នៅទីក្រុងវ៉ាស៊ីនតោន។
លោក Medvedev បានរំលឹកឡើងវិញថា ទីក្រុងមូស្គូ មិនដែលបដិសេធក្នុងការ ចរចាជាមួយទីក្រុងគៀវឡើយ ប៉ុន្ដែជាអ៊ុយក្រែនទៅវិញទេ ដែលហាមឃាត់ការចរចា ប៉ុន្តែការប៉ុនប៉ងធ្វើឡើងដោយបណ្តា ប្រទេសលោកខាងលិច ដើម្បីដឹកនាំអ៊ុយក្រែន ក្នុងទិសដៅនេះនៅតែមិនទទួលបានជោគជ័យ។
លោកបាននិយាយថាលក្ខខណ្ឌជាមុន របស់រុស្ស៊ីសម្រាប់ការចរចាបែបនេះនឹងជា “ការទទួលស្គាល់លទ្ធផល នៃប្រតិបត្តិការយោធាពិសេស” ដោយបន្ថែមថាអ៊ុយក្រែន កំពុងព្យាយាមពន្យារពេលដំណើរការ ចរចាព្រោះខ្លាចបរាជ័យភ្លាមៗ ៕
ប្រែសម្រួល ឈូក បូរ៉ា