ភ្នំពេញ៖ ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ច រាជធានីភ្នំពេញ និងសមាជិក-សមាជិកការ ព្រមទាំងសមាគមសហព័ន្ធ យុជនសេដ្ឋកិច្ចកម្ពុជា រួមជាមួយគណៈកម្មការអភិវឌ្ឍន៍ សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាល, សមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា បានបង្ហាញការពេញចិត្ត និងគាំទ្រពេញទំហឹង នូវវិធានការដ៏ម៉ឹងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី “ការដាក់ចេញវិធានការម៉ឹងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ” ។
ការប្រកាសគាំទ្ររបស់គណៈកម្មាធិការ គណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ច រាជធានីភ្នំពេញ ខាងលើនេះធ្វើឡើង ក្នុងពិធីអបអរសាទរ កិច្ចប្រជុំបូកសរុបសកម្មភាពការងារ ប្រចាំខែកុម្ភៈ និងទិសដៅខែមីនា ឆ្នាំ២០២៤ កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ នៅស្នាក់ការគណៈកម្មាធិការ គណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ច រាជធានីភ្នំពេញ ខណ្ឌជ្រោយចង្វារ ។
ក្នុងឱកាសនោះ ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានលើកឡើងថា ថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជនយុវជន របស់គណៈកម្មាធិការ គណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ច រាជធានីភ្នំពេញ នៃគណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឱឡារិក គាំទ្រយ៉ាងពេញទំហឹង ចំពោះបទបញ្ជាលេខ០១ បប ចុះថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៤ ស្តីពី “ការដាក់ចេញវិធានការម៉ឹងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។
លោកឧកញ៉ាបណ្ឌិត ឡី សុភាព ក្នុងនាមជាថ្នាក់ដឹកនាំ នៃគណៈកម្មាធិការគណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ បានលើកឡើងទៀតថា ការដាក់ចេញនូវបទបញ្ជានេះ គឺជាវិធានការដ៏ម៉ឹងម៉ាត់ និងមុតស្រួចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាការពង្រឹងប្រព័ន្ធការងារមន្ត្រីរាជការ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យកាន់តែល្អប្រសើរថែមទៀត និងរួមចំណែកយ៉ាងសំខាន់ ក្នុងការលុបបំបាត់គ្រឿងញៀន លុបបំបាត់ទុក្ខកង្វល់របស់ប្រជាជន ក្នុងរាជធានីភ្នំពេញ ក៏ដូចជាប្រជាជនទូទាំងប្រទេស ព្រមទាំងជំរុញភាពស្អាតស្អំ សន្តិសុខ និងការអភិវឌ្ឍសង្គម ។
លោកបណ្ឌិត ឡី សុភាព បានបង្ហាញនូវការគាំទ្រ ដោយបានលើកឡើងថា ការលុបបំបាត់គ្រឿងញៀននេះ ធ្វើឡើងប្រៀបបានដូចជាការស្តារចកនៅក្នុងស្រះ បើយើងវែក វានឹងមកវិញ ប៉ុន្តែបើយើងយកចកនឹងចេញម្តងមួយដុំៗ ទៅតាមគោលដៅ ដែលយើងអាចយកបាន មិនយូរមិនឆាប់គង់តែអស់ចក ។ ដោះស្រាយដំបូងពីទាហាន និងប៉ូលីស ឥឡូវចូលដល់មន្ត្រីរាជការស៊ីវិល បន្ទាប់មកទៀតដល់វិស័យឯកជន បន្ទាប់មកទៀតដល់ប្រជាជន ចុងបញ្ចប់គ្រឿងញៀន នឹងអស់ពីប្រទេសយើង ប៉ុន្តែបើយើងនៅបណ្តោយ បើគ្រឿងញៀននៅជុំវិញផ្ទះយើង ច្បាស់ណាស់កូនចៅយើងនឹងជួបបញ្ហា ហេតុនេះយើងទាំងអស់គ្នា ត្រូវតែគាំទ្រដាច់ខាត ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ បញ្ហាគ្រឿងញៀនមួយនេះ ។
ឆ្លៀតក្នុងឱកាសនេះ លោកឧកញ៉ាសមូហកបណ្ឌិតប្រធានរូបនេះ ក៏បានស្នើដល់សមាជិក សមាជិកការ ទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ជួយជំរុញឲ្យមុខរបរកាន់តែរីកចម្រើន តាមរយៈការគាំទ្រគ្នាទៅវិញទៅមក ជួយយកអាសារគ្នា មិនទុកឲ្យសមាជិកណាមួយ ជួបប្រទះបញ្ហាតែម្នាក់ឯង ត្រូវរួមគ្នាជួយគ្នាដោះស្រាយ ដើម្បីទាំងអស់គ្នា អាចបន្តដំណើរទៅមុខកាន់តែល្អប្រសើរ ។ ត្រូវប្រមែលប្រមូលគ្នា ដែលធ្លាប់ធ្វើការងារកន្លងមក ពីមុនទាំងអស់ ត្រូវសាមគ្គីគ្នាឡើងវិញ ខុសត្រូវចេះអាធ្យាស្រ័យឲ្យគ្នា ។ ត្រូវទទួលស្វាគមន៍អ្នកថ្មី ហើយក៏ត្រូវថែរក្សាអ្នកចាស់ដូចគ្នា យើងមិនត្រូវបោះបង់នរណាម្នាក់ចោលទេ រក្សាចាស់បង្កើតថ្មី វិន័យសាមគ្គីឯកភាពផ្ទៃក្នុងទៅវិញទៅមក ដើម្បីផល់ប្រយោជន៍របស់យើងទាំងអស់គ្នា៕