ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន Minebea ដែលជាក្រុមហ៊ុនដ៏ធំ របស់ប្រទេសជប៉ុន នឹងទិញដីចំនួន៥០ហិកតា ក្នុងខេត្ដពោធិ៍សាត់ ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេស ហើយគម្រោងនេះ នឹងបង្កើតឱកាសការងារ រាប់ពាន់កន្លែង ជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ លោក ស៊ុន ចាន់ថុល បានអនុញ្ញាតឱ្យលោក Yoshihisa KAINUMA អគ្គនាយកក្រុមហ៊ុន Minebea Cambodia និងសហការី ចូលជួបពិភាក្សាការងារ។
ជំនួបនាឱកាសនោះត្រូវបានរៀបចំឡើងដើម្បីពិភាក្សា លើការសំណើសុំពង្រីកគម្រោង វិនិយោគរបស់ក្រុមហ៊ុន ដោយរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ នៅក្នុងប្រទេសកម្ពុជា ដើម្បីតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្មឱ្យបានកាន់តែទូលំទូលាយ។ ក្រុមហ៊ុននេះ ទទួលបានលទ្ធផលល្អ ក្នុងដំណើរការអាជីវកម្មរបស់ខ្លួន តាំងពីសម្រេចដាក់ទុនវិនិយោគដំបូង នៅកំឡុងខែមករា ឆ្នាំ២០១១ និងបានពង្រីកខ្សែច្រវ៉ាក់ ផលិតកម្មរបស់ខ្លួន ជាបន្តបន្ទាប់។
ថ្លែងនៅក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា «ក្រុមហ៊ុន Minebea ដែលមានរោងចក្ររោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានសម្រេចបង្កើតរោងចក្រទី២ នៅពោធិ៍សាត់ គាត់នឹងទិញដី ៥០ ហិកតា ដាក់ទុនប្រហែល ៦៥០ លានដុល្លារសហរដ្ឋអាមេរិក បង្កើតការងារបាន ៨ ពាន់កន្លែង ឥឡូវបានរៀបចំហើយ»។
លោកឧបនាយករដ្ឋមន្រ្តី បន្តថា មូលហេតុដែលក្រុមហ៊ុនសម្រេចជ្រើសរើសពង្រីករោងចក្រ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅខេត្ដពោធិ៍សាត់នេះ ដោយសារនៅពោធិ៍សាត់ មានថាមពលស្អាត មានសូឡាហ្វាម មានវារីអគ្គិសនី។ល។ មួយទៀតគឺអាចដឹកជញ្ជូនទំនិញ ទៅថៃបានលឿន តាមផ្លូវជាតិលេខ៥ ដោយបានពង្រីកពី២ កន្លងទៅ៤កន្លងហើយ។
សូមជម្រាបថា ក្រុមហ៊ុន Minebea Cambodia បច្ចុប្បន្នកំពុងផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន ៦៩១១នាក់ ដោយក្រុមហ៊ុននេះវិនិយោគលើមុខសញ្ញាផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រឿងបំណែកម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទ ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ គ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ។
គិតមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចសរុប ២៦ កន្លែងដែលកំពុងដំណើរការ ខណៈបច្ចុប្បន្ន រាជរដ្ឋាភិបាលក៏បានជំរុញឲ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ បន្ថែមទៀតផងដែរ ដូចជាតំបន់សេដ្ឋកិច្ចពិសេស កម្ពុជា-ជប៉ុន តំបន់សេដ្ឋកិច្ចពិសេស កម្ពុជា-អង់គ្លេស និងតំបន់សេដ្ឋកិច្ចពិសេស កម្ពុជា-ឥណ្ឌា ជាដើម៕