ភ្នំពេញ៖ ជុំវិញរូបភាព នៃការផ្សព្វផ្សាយ អំពីមូលដ្ឋានភូមិបណ្តែតទឹក ឃុំកំពង់លួង ដែលមានមតិមួយចំនួនចោទថា ជាជនជាតិវៀតណាមនោះ ត្រូវបានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បដិសេធ ដោយបញ្ជាក់ថា សហគមន៍ភូមិបណ្តែតទឹកកំពង់លួង ជាសហគមន៍ទេសចរណ៍ ដែលកំពុងអនុវត្តសកម្មភាពទេសចរណ៍ ដោយប្រជាសហគមន៍ ភាគច្រើន ជាប្រជាពលរដ្ឋខ្មែរ ដែលតាំងទីលំនៅ លើភូមិបណ្តែតទឹកតាំងពីបុរាណកាលមក ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុក មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ កុម្ភៈនេះ បានឲ្យដឹងថា បន្ទាប់ពីមានការផ្សព្វផ្សាយ ពីសក្ដានុពល សហគមន៍ទេសចរណ៍ ភូមិបណ្តែតកំពង់លួង ស្ថិតនៅឃុំកំពុង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ តាមទស្សនទាន ទស្សនាខេត្តពោធិ៍សាត់នាគិម្ហៈរដូវ ក្រុមការងារផលិត និងផ្សព្វផ្សាយ របស់មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានសង្កេតឃើញថា មានការយកព័ត៌មានផ្សព្វផ្សាយទេសចរណ៍ ពីសំណាក់ជនអគតិទៅបំភ្លៃ មួលបង្កាច់ថ្នាក់ដឹកនាំកំពូល របស់រាជរដ្ឋាភិបាល ដោយចោទប្រកាន់ ដោយគ្មានមូលដ្ឋាន តាមរយៈបណ្ដាញសង្គមFacebook TikTok និងPlatformផ្សេងៗ ក្រោមប្រធានបទ អំពីជនជាតិវៀតណាម កំពុងរស់នៅពេញផ្ទៃបឹងទន្លេសាប ក្នុងមូលដ្ឋានភូមិបណ្តែតទឹក ឃុំកំពង់លួង ។
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បញ្ជាក់ថា “សហគមន៍ភូមិបណ្តែតទឹកកំពង់លួង ជាសហគមន៍ទេសចរណ៍ ដែលកំពុងអនុវត្តសកម្មភាពទេសចរណ៍ ដោយប្រជាសហគមន៍ ភាគច្រើនជាប្រជាពលរដ្ឋខ្មែរ ដែលតាំងទីលំនៅលើភូមិបណ្តែតទឹកតាំងពីបុរាណកាលមក ដូចភូមិបណ្តែតទឹកនានានៅតាមផ្ទៃបឹងទន្លេសាប តាមបណ្ដាខេត្តនៅជុំវិញបឹងទន្លេសាប”។
ប្រភពដដែលបន្ថែមថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំ ប្រកបដោយថាមពល និងគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី និងដោយមានក្រសួងទេសចរណ៍ ជាសេនាធិការ បានយកចិត្តទុកដាក់លើកកម្ពស់ និងជម្រុញវិស័យទេសចរណ៍ ដែលជាវិស័យអាទិភាព ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាជន នៅគ្រប់មូលដ្ឋានបានរីកចម្រើន ក្រោមម្លប់នៃសុខសន្តិភាព ។
ក្នុងនោះមន្ទីរទេសចរណ៍ខាងលើនេះ បានបដិសេធទាំងស្រុង ពីការបំផ្លើស បំភ្លៃព័ត៌មាន ពីសំណាក់ជនអគតិ ដែលបានចោទប្រកាន់ គ្មានមូលដ្ឋានមកលើការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល តាមរយៈរូបភាពឯកសារផ្សព្វផ្សាយព័ត៌មានទេសចរណ៍៕