ភ្នំេពញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាត់ទុកដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ស្តីពីការសរុបព្រឹត្តិការណ៍ថ្ងៃបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី២៥ កុម្ភៈ នេះ លោក ប្រាជ្ញ ចន្ទ បានឱ្យដឹងថា គ.ជ.ប នឹងបិទផ្សាយលទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោត នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយប្រសិនបើគ្មានពាក្យ បណ្ដឹងតវ៉ា ឬពាក្យបណ្តឹងជំទាស់នឹងលទ្ធផលបណ្តោះអាសន្ននេះ លទ្ធផលផ្លូវការអាចនឹងប្រកាស នៅចន្លោះពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។
ប្រធាន គ.ជ.ប បានវាយតម្លៃថា “ជារួមបរិយាកាសទូទៅជុំវិញការបោះឆ្នោគមាន សភាពល្អប្រសើរ ដែលបង្កលក្ខណៈដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មាន ការគំរាមកំហែង និងពុំមានសកម្មភាពធ្វើឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ។ យេីងអាចចាត់ទុកការបោះឆ្នោតនេះ ជាការប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ”។
ប្រធាន គ.ជ.ប បានបញ្ជាក់ជូនថា អ្នកដែលមិនបានមកបោះឆ្នោត ដោយសារមាន អ្នកខ្លះមានជំងឺ អ្នកខ្លះទៀតនៅក្រៅប្រទេស។ ចំពោះអ្នករិះគន់ការបោះឆ្នោត ចេះតែនិយាយដោយ គ្មានភស្តុតាង គ្មានមូលដ្ឋាន ពីព្រោះថា មកទល់ពេលនេះពុំទាន់មានបណ្ដឹងណាមួយត្រូវបានដាក់ និងទទួលទេ។
សូមរំលឹកថា តាមតួលេខបណ្តោះអាសន្ននៃអ្នកបោះឆ្នោតដែល គ.ជ.ប ទទួលបានបង្ហាញថា អ្នកបានបោះឆ្នោត សរុបមានចំនួន ១១.៧៣០ នាក់ ស្មើនឹង ៩៩,៨៦ ភាគរយ នៃអ្នកមានឈ្មោះក្នុង បញ្ជីបោះឆ្នោត ១១.៧៤៧ នាក់៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
