ព័ត៌មានអន្តរជាតិ

មេដឹកនាំ G7 ប្តេជ្ញាគាំទ្រអ៊ុយក្រែន ក្នុងខួបលើកទី២ នៃការឈ្លានពានរបស់រុស្ស៊ី

Kyodo

តូក្យូ៖ មេដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មទាំង៧ បានសន្យាបន្តការគាំទ្រ “មិនរាថយ” សម្រាប់អ៊ុយក្រែន ខណៈដែលប្រទេសនេះបានប្រារព្ធខួបលើកទី២ នៃការឈ្លានពានរបស់រុស្ស៊ី ដោយប្តេជ្ញាបន្តដាក់សម្ពាធលើទីក្រុងម៉ូស្គូ និងស្តីបន្ទោសប្រតិបត្តិការអាវុធ របស់ខ្លួនជាមួយកូរ៉េខាងជើង។

មេដឹកនាំបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញបន្ទាប់ពីសន្និសីទ វីដេអូរបស់ពួកគេ ដែលរៀបចំដោយប្រធានប្ដូរវេនរបស់អ៊ីតាលីថា “នៅពេលដែលអ៊ុយក្រែន ចូលដល់ឆ្នាំទី ៣ នៃសង្រ្គាមឥតឈប់ឈរនេះ រដ្ឋាភិបាល និងប្រជាជនរបស់ខ្លួនអាច ពឹងផ្អែកលើការគាំទ្ររបស់ G7 ឱ្យបានយូរតាម ដែលខ្លួនត្រូវការ” ។

នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានអំពាវនាវឱ្យមាន “ការរួបរួម” ក្នុងចំណោមសមាជិក G7 ក្នុងការបន្តដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី និងស្វែងរកការនាំមកនូវសន្តិភាពយូរអង្វែង សម្រាប់អ៊ុយក្រែន ខណៈពេលដែលរិះគន់កូរ៉េខាងជើង ចំពោះការគាំទ្រផ្នែកយោធារបស់ខ្លួន សម្រាប់ទីក្រុងម៉ូស្គូ។

លោក គីស៊ីដា ត្រូវបានដកស្រង់សម្តីដោយបាននិយាយ នៅក្នុងសេចក្តីប្រកាសព័ត៌មានថា “ការប្រើប្រាស់របស់រុស្ស៊ី ចំពោះមីស៊ីលផ្លោងរបស់កូរ៉េខាងជើងនៅអ៊ុយក្រែន គឺមិនអាចទទួលយកបានទាំងស្រុង” លោក គីស៊ីដា ត្រូវបានដកស្រង់សម្តីដោយបានគូសបញ្ជាក់ថា ការផ្ទេរអាវុធកូរ៉េខាងជើង ទៅឱ្យរុស្ស៊ី គឺជាការរំលោភលើសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ការ​ជួប​ជុំ​នេះ​ជា​លើក​ដំបូង​ក្នុង​ចំណោម​មេ​ដឹក​នាំ G7 ចាប់​តាំង​ពី​ប្រទេស​អ៊ីតាលី ឡើង​កាន់​តំណែង​ជា​ប្រធានប្ដូរវេន G7 ឆ្នាំ​នេះ។ G7 រួមមាន អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕

ប្រែសម្រួល ឈូក បូរ៉ា

To Top