ព័ត៌មានជាតិ

លោកអង្គ វង្សវឌ្ឍានា ប្រកាសតែងតាំង ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង ខេត្តរតនគិរី

រតនគិរី ៖ លោកងិន ពេជ ត្រូវបានប្រកាសតែងតាំង និងចូលកាន់មុខតំណែង ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តរតនគិរី ជំនួសលោក ជា ពេជ្រ បំរើការងារព្រះរាជអាជ្ញា ក្រសួងយុត្តិធ៌ម ។ ពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ក្នុងសាលប្រជុំសាលា ខេត្តរតនគិរី ក្រោមអធិបតីភាពលោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម និងលោកថង សាវុន អភិបាលខេត្តរតនគិរី ។

បន្ទាប់ពីពិធីប្រគល់ត្រា និងការប្តេជ្ញាចិត្ត របស់លោក ងិន ពេជ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តរតនគិរី រួចមកលោកថង សាវុន អភិបាលខេត្តរតនគិរី បានថ្លែងការកោតសរសើរ ចំពោះលោក ងិន ពេជ កន្លងមក ជាព្រះរាជអាជ្ញាស្តីទី បានខិតខិតខំបំពេញការងារ យ៉ាងល្អក្នុងមុខតំណែង ។ លោកថាការប្រកាស តែងតាំងមុខតំណែងថ្ងៃនេះ ងាយស្រួលលោកបំពេញ តួនាទីបន្ថែមទៀត ដោយចូលរួមសហការយ៉ាងល្អ ជាមួយគណបញ្ជាការឯកភាពខេត្ត ,មន្ទីរអង្គភាពជុំវិញខេត្ត ,អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អនុវត្តកិច្ចការរបស់ខ្លួន ប្រកបដោយភាព ជោគជ័យ គ្រប់បុព្វហេតុផ្តល់នូវសេវាយុត្តិធ៌ម ជូនប្រជាពលរដ្ឋ ក្នុងទឹកដីខេត្តរតនគិរី ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏នៅមានសំណុំរឿងកកស្ទះ តម្រូវឲ្យលោកព្រះរាជអាជ្ញាបន្ត ធ្វើកិច្ចការនេះបន្តទៀត ។

លោកអង្គ វង្គវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម បានសម្តែងនូវ ការកោតសរសើរ ចំពោះលោក ងិន ពេជ ដែលកន្លងមកបានខិតខំធ្វើការ សម្រេចបាននូវសមិទ្ធផលជាច្រើន និងទទួលខុសត្រូវខ្ពស់ ក្នុងនាមថ្នាក់ដឹកនាំមិនថា កិច្ចការផ្ទៃក្នុងឫសេវាជូនប្រជាពលរដ្ឋឡើយ ។ ជាមួយគ្នានេះ ដែរក្រសួងយុត្តិធ៌ម តែងតែឆ្លើយតប ជាបន្តបន្ទាប់ នូវតម្រូវការរបស់សាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូង ក្នុងការដោះស្រាយបញ្ហានានា និង ដើម្បីបម្រើសេវាយុត្តិធ៌ម ប្រកបដោយ តម្លាភាព សមភាពនិងយុត្តិធ៌ម ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ប្រទេសយើងមានសន្តិភាព បានមកពីគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចបាននាំមកនូវសុខសន្តិភាព យ៉ាងពេញលេញទូទាំងប្រទេស មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ទាំងវិស័យសង្គមកិច្ច វិស័យសេដ្ឋកិច្ច ប្រជាពលរដ្ឋមានជីវភាពធូរធារ ប្រកបដោយភាពថ្លៃថ្នូរ ធ្វើឲ្យយើងទាំងអស់គ្នា សូមអរគុណសន្តិភាព និងសូមអរគុណសម្តេចនាយករដ្ឋមន្ត្រី ៕

To Top