ភ្នំពេញ៖ លោក វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ បានជំរុញឱ្យសមាជិកសមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំទាំងអស់ បន្តខិតខំបំពេញការងារ ឱ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត ក្នុងការបម្រើប្រជាពលរដ្ឋ បម្រើជាតិ និងត្រូវផ្តល់សេវាកម្មផ្សេងៗ ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដៅជួយលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត និងសង្គមជាតិទាំងមូល។
ការជំរុញរបស់ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ខាងលើនេះ ធ្វើឡើងក្នុងឱកាស ប្រកាសសមាសភាព ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុង ស្រុក ទាំង ៩ នៃខេត្តកំពង់ធំ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។
នៅក្នុងពិធីសំណះសំណាលនេះ លោក វង្សី វិស្សុត បានលើកឡើងថា ក្រុមការងារថ្នាក់ជាតិ មានតួនាទីសំខាន់ ក្នុងការចុះជួយតម្រង់ទិស, ជួយគាំទ្រ ជួយលើកកម្ពស់សមត្ថភាព អាជ្ញាធរមូលដ្ឋាន និងជួយជំរុញការអភិវឌ្ឍ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងថ្នាក់មូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់ លើការអភិវឌ្ឍសេវាសាធារណៈ និងដោះស្រាយទំនាស់ និងបញ្ហាផ្សេងៗ ដែលបានកើតឡើង នៅមូលដ្ឋានផ្ទាល់ សំដៅជួយលើកកម្ពស់ ប្រសិទ្ធភាពការងារ លើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍ សង្គម និង សេដ្ឋកិច្ចថ្នាក់មូលដ្ឋាន នៅក្នុងខេត្តកំពង់ធំនិយាយដោយឡែក និងរួមចំណែកជួយអភិវឌ្ឍ
សេដ្ឋកិច្ចជាតិ ទាំងមូលនិយាយជារួម។
លោក វង្សី វិស្សុត បានបន្តទៀតថា ក្រៅពីជួយទម្រង់ទិស និងជួយគាំទ្រដល់កិច្ចការងារខាងលើនេះ ការចុះមូលដ្ឋានរបស់ក្រុមការងារថ្នាក់ជាតិ ក៏ត្រូវតែសិក្សា ស្រាវជ្រាវ តាមដាន និងវាយតម្លៃសមិទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ថាតើគោលនយោបាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ មានប្រសិទ្ធភាព និងចំគោលដៅកម្រិតណា ក្នុងការជួយដោះស្រាយបញ្ហា និងលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋថ្នាក់មូលដ្ឋាន។ ហើយម្យ៉ាងទៀត គឺដើម្បីតាមដានការអនុវត្តគោលនយោបាយ របស់ថ្នាក់ក្រោមជាតិ ថាតើស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលដែរឬទេ ហើយសម្រេចបានលទ្ធផលការងារ ដូចការវាយតម្លៃ និងការរំពឹងទុកឬអត់?
ឆ្លៀតនៅក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត បានរំលឹកពីអនុសាសន៍ដ៏មានតម្លៃរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានជំរុញឱ្យមន្ត្រីទាំងអស់ កុំធ្វើជាមន្ត្រីជើង១០ ដែលអង្គុយតែក្នុងការិយាល័យ រង់ចាំតែចុះហត្ថលេខាលើឯកសារ ឬ របាយការណ៍លទ្ធផលការងារ ពីមន្ត្រីថ្នាក់ក្រោម។ ក្នុងន័យនេះ លោក វង្សី វិស្សុត ចង់សំដៅ និងជំរុញឱ្យមន្ត្រីថ្នាក់ជាតិ ចុះជួយមូលដ្ឋានឱ្យជាប់ជាមួយ នឹងប្រជាពលរដ្ឋ ហើយមន្ត្រីថ្នាក់ក្រោមជាតិទាំងអស់ ក៏ត្រូវចុះអនុវត្តការងារផ្ទាល់ នៅតាមមូលដ្ឋាន ដើម្បីសិក្សាពីបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋបានជួបប្រទះបញ្ហា និងវាយតម្លៃសមិទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ ក៏ដូចជាដាក់ចេញគោលនយោបាយថ្មី សម្រាប់ដោះស្រាយបញ្ហាប្រឈមទាំងអស់នោះ ឱ្យមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះលោក វង្សី វិស្សុត ក៏បានក្រើនរំលឹកណែនាំ ដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំថា ការចុះមូលដ្ឋានមិនមែនមកដណ្តើមអំណាច ថ្នាក់មូលដ្ឋាននោះទេ ហើយក៏មិនចុះអនុវត្តការងារ ជំនួសអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចមូលដ្ឋាន និង អាជ្ញាធរក្រសួងស្ថាប័ននានានោះដែរ ពោលគឺ ដើម្បីចុះជួយតម្រង់ទិស ជួយផ្តល់ការគាំទ្រ និង ជួយលើកកម្ពស់សមត្ថភាព ដើម្បីជំរុញការអភិវឌ្ឍថ្នាក់មូលដ្ឋាន ឲ្យកាន់តែល្អប្រសើរប៉ុណ្ណោះ។ បន្ថែមពីលើនេះទៅទៀត ក្រុមការងាររាជរដ្ឋាភិបាល នឹងជួយជំរុញមូលដ្ឋានថ្នាក់ក្រោមជាតិ ក្នុងការផ្តល់ និងអភិវឌ្ឍសេវាសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង ប្រឡាយ និង ដោះស្រាយភាពអសកម្ម ដូចជា ចោរកម្ម ល្បែងស៊ីសង គ្រឿងញៀន ក្មេងទំនើង ទំនាស់ដីធ្លី និងបញ្ហាផ្សេងៗទៀត។
លោក វង្សី វិស្សុត បានចាត់ទុកការចុះមូលដ្ឋាន របស់ក្រុមការងាររាជរដ្ឋាភិបាល គឺជាយន្តការមួយក្នុងការជួយជំរុញ សកម្មភាពចុះមូលដ្ឋាន របស់មន្ត្រីថ្នាក់ក្រោមជាតិ និង ការជួយដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលមន្ត្រីថ្នាក់ក្រោម និងប្រជាជនមូលដ្ឋាន បានជួបប្រទះផងដែរ។ ជាមួយគ្នានេះលោក វង្សី វិស្សុត ផ្តល់ការណែនាំ ដល់ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ថ្នាក់ក្រុង ស្រុក ត្រូវចាត់ចែងរៀបចំប្រកាសសមាសភាព ក្រុមការងារថ្នាក់ឃុំ-សង្កាត់ ឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន៕