ញ៉ូវយ៉ក៖ កាលពីថ្ងៃចន្ទ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងយ៉ាងដូច្នេះថា បើគ្មានជំនួយយោធាថ្មីទេ ប្រទេសរបស់លោកនឹងមិនអាចការពារច្រករបៀងដឹកជញ្ជូនសមុទ្រខ្មៅ ដែលអនុញ្ញាតឱ្យក្រុង គៀវ នាំចេញគ្រាប់ធញ្ញជាតិរាប់លានតោនទៅកាន់ទីផ្សារពិភពលោកបានឡើយ ។
គេបានដឹងថា អ៊ុយក្រែន បានបើកដំណើរការច្រករបៀងដឹកជញ្ជូនដែលនៅឆ្នេរសមុទ្រខ្មៅភាគខាងលិចរបស់ខ្លួននៅជិតប្រទេសរូម៉ានី និងប៊ុលហ្គារីនៅក្នុងខែសីហា រយៈពេល១ខែក្រោយពីប្រទេសរុស្ស៊ី បានចាកចេញពីកិច្ចព្រមព្រៀងដ៏សំខាន់រយៈពេល១ឆ្នាំ ដែលមានអង្គការសហប្រជាជាតិ និងតួកគី ជាអ្នកសម្របសម្រួល ដែលបានអនុញ្ញាតឱ្យនាំចេញតាមសមុទ្រខ្មៅដែលមានសុវត្ថិភាពជិត៣៣លានតោននៃគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ។
ការិយាល័យបរទេសរបស់ចក្រភពអង់គ្លេសបានឲ្យដឹងនៅក្នុងខែនេះថា អ៊ុយក្រែន កំពុងស្ថិតនៅលើផ្លូវដើម្បីនាំចេញគ្រាប់ធញ្ញជាតិទាំងអស់ពីការប្រមូលផលឆ្នាំ២០២៣របស់ខ្លួន បើទោះបីជាមានការវាយប្រហាររបស់រុស្ស៊ី មកលើកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនក្តី ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា