ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា អះអាងជាថ្មី ថា មិនខ្វល់ និងមិនសុំត្រឡប់មកវិញ នូវ EBA ២០% ឡើយ ខណៈដំណើរការរឿងក្ដី ជនក្បត់ជាតិ នៅតែបន្ត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាក់ជាថ្មីថា សម្ដេចនឹងមិនសុំត្រឡប់មកវិញ នូវប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញគ្រប់មុខ (EBA) ២០% ដែលសហភាពអឺរ៉ុបព្យូរនោះឡើយ ព្រោះកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជំនួយ ឬសុំការអនុគ្រោះណាមួយឡើយ ខណៈដំណើរការកាត់ក្ដី ជនក្បត់ជាតិ កឹម សុខា នៅតែបន្តហើយប្រសិនបើ សាលក្រមចេញភ្លាម មិនមែនឃុំខ្លួន នៅត្រពាំងផ្លុង ដូចមុនឡើយ គឺយកឃុំនៅកន្លែងផ្សេង ។

សូមរំលឹកថា ថ្មីៗនេះ គណៈកម្មការអឺរ៉ុប (EU) បានសម្រេចដក EBA លើមុខទំនិញនាំចេញរបស់កម្ពុជា ប្រមាណ២០% នៃមុខទំនិញនាំចេញទាំងអស់ ទៅកាន់ទីផ្សារអឺរ៉ុប ហើយទំនិញ ៨០%ទៀត ត្រូវបានរួចពន្ធដដែល ។ ចំណែកសំណុំរឿងក្ដី របស់លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ ច្រើនករណី ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ បន្ដលើកយកមកជំនុំជម្រះផងដែរ ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃវិទ្យាស្ថានវ៉ាន់ដា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនខ្វល់ពីការបាត់បង់ និងមិនសុំត្រឡប់មកវិញនូវ EBA ២០% ពីព្រោះកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជំនួយ ឬសុំការអនុគ្រោះណាមួយឡើយ ។

សម្ដេចមានប្រសាសន៍ថា «យើងក៏បានត្រៀមទុកពីចំងាយ សម្រាប់ផលប៉ះពាល់ ទៅលើ EBA ២០% កម្ពុជាបញ្ជាក់ច្បាស់ហើយ ថា កម្ពុជាមិនទៅស្នើសុំ២០% ត្រឡប់មកវិញទេ ។ សូមអ្នកវិភាគ ជាពិសេស រ៉ុង ឈុន និយាយស្ដាប់ឲ្យបាន គេត្រៀមបម្រុងនៅនេះហើយ ឲ្យបាត់ទៅ២០% កុំទៅខ្វល់ ប៉ុន្ដែយើងបានចុះហត្ថលេខា យល់ព្រមរួចទៅហើយ»។
សម្ដេចបន្ថែមថា EBA គង់តែបាត់ពីកម្ពុជាទេគ្រាន់តែយូរ និងឆាប់ តែប៉ុណ្ណោះ ខណៈកម្ពុជាសព្វថ្ងៃនេះ មានការរីកចម្រើន ឥតឈប់ឈរ ។

សម្ដេចបន្ថែមថា កម្ពុជាបាត់ EBA ២០% គ្មានបញ្ហាអ្វីឡើយ ហើយកុំយកអធិបតេយ្យជាតិ ទៅដោះដូរជាមួយ EBA ។
សម្ដេច នឹងប្រកាសឬដាក់ចេញវិធានការ មួយចំនួនបន្ថែមទៀត ទាក់ទិនបញ្ហា EBA នៅខែមេសា ខាងមុខ ។
សម្ដេចថា កុំស្មានតែកម្ពុជាធ្វើទៅតាម EU ដើម្បីបាន ២០% មកវិញ បញ្ហានេះមិនត្រឹមត្រូវឡើយ ហើយកម្ពុជា មិនធ្វើតាមទេ។សម្ដេច ចង់យកឈ្នះ អ្នកនិយាយឡើង រឿង EBA។
ចំពោះរឿងក្ដី លោក កឹម សុខ សម្ដេចតេជោ ហ៊ុន សែន បានព្រមានថាបើសាលក្រមចេញភ្លាម លើកនេះមិនមែនឃុំខ្លួននៅត្រពាំងផ្លុងទេ គឺកន្លែងផ្សេង ពីព្រោះជននេះ មានទោសច្រើនណាស់។

សម្ដេចបញ្ជាក់ថា «មិនអាចឲ្យអ្នកកាត់ទោស អ្នកត្រូវជាប់ទោស មិនបានកាត់ទោសទេ ស្អី ដូរមិនដូរ អាមុនបោះឆ្នោត ឃោសនាថា ដូរមិនដូរ ឃោសនាត្រូវហើយ ដូរមិនដូរ អាហ្នឹងមុនបោះឆ្នោត តែត្រូវបោះឆ្នោតរួចហែងមកត្រូវទារដូរស្អី អាស្អី ផែនការផ្ដួររំលំចុងក្រោយ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ អាហ្នឹងជាស្អី? ដែលជាទីចុងបំផុតមានមនុស្សស្លាប់ និងរបួស នៅផ្លូវវេងស្រេង អាហ្នឹងជាស្អី? គិតថា មិនឲ្យគេកាត់ទោសឬស្អី? ត្រូវតែកាត់ទោស ហើយម្ដងនេះមិនមែនត្រពាំងផ្លុងទេ ប្រាប់ឲ្យហើយ កន្លែងផ្សេងៗ សារក្រមចេញហើយ គឺដាក់ហើយ គ្មានតែទុកទេ ស្អីចង់ឲ្យកម្ពុជាធ្វើទៅណាបំណង ការទាមទាររបស់គេ ដោយមិនអនុវត្តច្បាប់របស់ខ្លួន ចឹងគ្មានន័យអ្វីទទៅទៀត បើអ្នកឯងមិនពេញចិត្តទេ ទៅបម្រើគេទៅ កុំនៅស្រុកខ្មែរ»។

សម្ដេចអះអាងថា អ្នកមានទោសត្រូវកាត់ទោស ឲ្យជាប់ពន្ធនាគារ បើសិនមានទោសពិតប្រាកដ ដូច្នេះ ការងារទាំងនេះ ជាសមត្ថកិច្ចរបស់តុលាការ ហើយសម្ដេច គ្មានឥទ្ធិពលអ្វី ទៅជ្រៀតជ្រែកចូលកិច្ចការ តុលាការឡើយ ៕

ដោយ ៖ អេង ប៊ូឆេង

To Top