ព័ត៌មានជាតិ

ប្រធានាធិបតីអាមេរិក ផ្ញើសារជូន នាយករដ្ឋមន្ដ្រីកម្ពុជា ប្រាប់អំពីមូលហេតុ ពន្យារពេលកិច្ចប្រជុំកំពូល អាស៊ាន -អាមេរិក គឺដោយសារការរីករាលដាល កូវីដ-១៩

ភ្នំពេញ៖ កាលពីចុងខែកុម្ភៈកន្លងទៅ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចចិត្តពន្យារពេល រៀបចំកិច្ចប្រជុំកំពូល ជាមួយថ្នាក់ដឹកនាំកំពូលនៃ បណ្តាប្រទេសអាស៊ានទាំង១០ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ខាងមុន នៅទីក្រុងឡាសវេហ្គាស រដ្ឋណេវ៉ាដា ដោយសារក្តីព្រួយបារម្ភកាន់តែខ្លាំង ចំពោះការរីករាលដាល កូវីដ-១៩។

ដើម្បីពន្យល់ឲ្យកាន់តែច្បាស់ អំពីមូលហេតុនិងផលវិបាក ទើបឈានដល់ការ ពន្យាពេលកិច្ចប្រជុំកំពូលនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្ញើសារជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺដោយសារជំងឺកូរ៉ូណា ប្រភេទថ្មី ឬហៅថា កូវីដ-១៩ ដែលកំពុងមានការរីករាលដាល នៅលើពិភពលោក។

យោងតាមលិខិតរបស់លោក ដូណាល់ ត្រាំ ផ្ញើជូនសម្ដេចតជោ ហ៊ុន សែន កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ដែលទើបផ្សព្វផ្សាយផ្លូវការ នៅថ្ងៃនេះបានឲ្យដឹងថាលោក ត្រាំ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ការបានទទួល យកការអញ្ជើញរបស់លោក ចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅឡាសវេហ្គាស សហរដ្ឋអាមេរិក។

លិខិតដដែលឲ្យដឹងបន្តថា លោក ដូណាល់ត្រាំបានទន្ទឹងរង់ចាំ ឱកាសនេះដើម្បីជួយជំរុញភាព ជាដៃគូយុទ្ធសាស្ត្ររបស់អាស៊ាន-អាមេរិក។ លោកថា អាស៊ានគឺជាស្នូល នៃទស្សនៈវិស័យរបស់លោក ចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលបើកចំហ និងសេរី ហើយប្រជាជនអាស៊ាន និងសហរដ្ឋអាមេរិកប្រមាណ ១ពាន់លាននាក់ ត្រូវបានផ្សារភ្ជាប់គ្នា ដោយទំនាក់ទំនងសេដ្ឋកិច្ច និងមានតម្លៃរួម។

លោក ត្រាំ បញ្ជាក់ក្នុងលិខិតថា «ជាអកុសលយើងត្រូវតែពន្យារពេល កិច្ចប្រជុំកំពូលនេះ ដោយមើលឃើញពីហានិភ័យជាសកល ដែលបង្កឡើងដោយការ ផ្ទុះឡើងនូវវីរុសកូរ៉ូណាថ្មី។ ខ្ញុំជឿជាក់ថា យើងទាំងអស់គ្នាអាចឯកភាព ដោយផ្ដោតការយកចិត្តទុកដាក់ របស់យើងនៅពេលនេះនូវការសម្របសម្រួល ការឆ្លើយតបជាសកល ដែលការពារ និងធានាសុខភាព និងសុវត្ថិភាពរបស់ប្រជាជនយើង» ។

លោកបន្ថែមថា នៅពេលដែលប្រឈមមុខ នឹងបញ្ហាថ្មីនេះលោកមានមោទនភាព ចំពោះភាពជាដៃគូរបស់ប្រជាជាតិ អាស៊ាន-អាមេរិក លើបញ្ហាជាច្រើនរួមទាំង បញ្ហាសុខភាពសាធារណៈ។ ក្រសួងសុខាភិបាល និងសេវាកម្មបម្រើមនុស្សរបស់សហរ្ឋអាមេរិក បានទាក់ទងជាមួយរដ្ឋាភិបាល អាស៊ានផ្សេងទៀត ដើម្បីចាប់ផ្ដើមការសន្ទនា ស្ដីពីយុទ្ធសាស្ត្រ ដើម្បីការពារប្រឆាំងនឹង វីរុសកូរ៉ូណាមួយនេះ។

លោកបញ្ជាក់ថា «យើងមានអ្នកជំនាញការជាច្រើន ដើម្បីត្រៀមជួយ និងបន្តផ្តល់ជំនួយឧបត្ថម្ភ។ មជ្ឈមណ្ឌលសម្រាប់ត្រួតពិនិត្យ និងការពារជំងឺ របស់សហរដ្ឋអាមេរិក មានវត្តមានយ៉ាងសំខាន់ និងមានប្រវត្តិជាច្រើនឆ្នាំ នៅក្នុងបណ្ដាលប្រទេសអាស៊ាន ខណៈពេលដែលយើងបន្ត ធ្វើការងារដោយមិនចេះនឿយហត់ ដើម្បីឆ្លើយតបទៅនឹង ការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី កិច្ចសហប្រតិបត្តិការរវាង ប្រជាជាតិយើងនិងបង្ហាញថែមទៀត នូវកម្លាំងនៃភាពជាដៃគូ យុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់យើង» ។

ជាងនេះទៅទៀត លោក ដូណាល់ ត្រាំ អះអាងថា” ទោះបីជាយើងត្រូវពន្យារពេល កិច្ចប្រជុំកំពូលពិសេសនេះ ក៏ក្រុមការងាររបស់យើង បានរៀបចំនូវគំនិតផ្ដួចផ្ដើមជាច្រើន ដើម្បីបង្ហាញពីទំនាក់ទំនង រវាងប្រទេសរបស់យើង។ យើងនឹងនៅតែដាក់ឱ្យដំណើរការ នូវកម្មវិធីជាច្រើននៃកម្មវិធីធំៗទាំងនេះ ហើយយើងនឹងបន្តស្វែងរកកាលានុវត្តភាព ដើម្បីអនុវត្តគម្រោងកាំវិធីទាំងអស់ នោះនៅក្នុងខែខាងមុខ”។

លោកដូណាល់ ត្រាំ សង្ឃឹមថា ថ្នាក់ដឹកនាំអាស៊ាន នឹងអាចកោះប្រជុំកិច្ចប្រជុំកំពូលពិសេសនេះ ឡើងវិញនៅពេលអនាគត ដ៏ខ្លីខាងមុខនេះ ៕

ដោយ៖ អេង ប៊ូឆេង

To Top