ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រងធនធានខ្សាច់ និងសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកែសម្រួលសមាសភាព និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ គ្រប់គ្រងធនធានខ្សាច់ ដោយមានការអញ្ជើញចូលរួមពីលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្រ្តីជាន់ខ្ពស់ មកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
លោក វង្សី វិស្សុត បានបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណង ត្រួតពិនិត្យអំពីរបៀបរបប បទប្បញ្ញត្តិ និងនីតិវិធីទាំងឡាយ ពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានខ្សាច់ ដើម្បីបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងសំដៅធានាបាន នូវផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន ក្នុងតុល្យការដែលធានាបានប្រសិទ្ធភាព តម្លាភាព និងចីរភាពនៃការប្រើប្រាស់ធនធានខ្សាច់ ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី។
ជាមួយគ្នានេះ លោក វង្សី វិស្សុត ក៏បានគូសបញ្ជាក់ថា អង្គប្រជុំទាំងមូល មានភារកិច្ចរិះរកវិធានការ យ៉ាងណាឱ្យយន្តការគ្រប់គ្រង ធនធានខ្សាច់ជារួម រួមទាំងការផ្តល់អាជ្ញាបណ្ណធ្វើអាជីវកម្ម និងនីតិវិធីពាក់ព័ន្ធនានា មានប្រសិទ្ធភាពខ្ពស់បំផុត ដោយមានការគិតគូរ ជាលក្ខណៈប្រព័ន្ធ និងមានការថ្លឹងថ្លែងច្បាស់លាស់ អំពីម្ខាងផលប្រយោជន៍សេដ្ឋកិច្ច សម្រាប់បម្រើឱ្យការអភិវឌ្ឍ និងចំណូលថវិកាជាតិ និងម្ខាងទៀត ផលប៉ះពាល់លើបរិស្ថាន និងសហគមន៍ក្នុងមូលដ្ឋាន។
ក្នុងស្មារតីនេះ អង្គប្រជុំបានពិភាក្សា លើរាល់សមាសភាគសំខាន់ៗនៃយន្តការគ្រប់គ្រង ធនធានខ្សាច់ក្នុងខ្សែច្រវាក់ នៃនីតិវិធីនិងលក្ខខណ្ឌចាំបាច់ ជាពិសេសក្នុងការផ្តល់អាជ្ញាបណ្ណ យន្តការនៃការវាយតម្លៃ ហេតុប៉ះពាល់លើបរិស្ថាន (Environmental Impact Assessment – EIA) ការកំណត់អត្រាសួយសារជាដើម។ល។
ជាលទ្ធផល អង្គប្រជុំបានពិភាក្សា លើវិធានការកែទម្រង់មួយចំនួន និងមុខងារភារកិច្ចរបស់ក្រសួង ស្ថាប័ន ព្រមទាំងមុខសញ្ញាសម្រាប់ការកែទម្រង់ផ្សេងៗបន្ថែមទៀត ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាព ក្នុងការគ្រប់គ្រងធនធានខ្សាច់ និងជាពិសេសឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាក់ស្តែង និងកាត់បន្ថយផលប៉ះពាល់ លើសហគមន៍ក្នុងមូលដ្ឋានឱ្យនៅកម្រិតអប្បបរមា៕