សៅប៉ូឡូ៖ ប្រធានហិរញ្ញវត្ថុមកពី ក្រុមសេដ្ឋកិច្ចជឿនលឿន និងកំពុងរីកចម្រើនចំនួន ២០ កាលពីថ្ងៃព្រហស្បតិ៍ បានបរាជ័យក្នុងការចេញ សេចក្តីថ្លែងការណ៍រួមចំពេល មានការខ្វែងគំនិតគ្នាជុំវិញសង្គ្រាម របស់រុស្ស៊ីនៅអ៊ុយក្រែន និងជម្លោះរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។
ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនបានលាតត្រដាង នូវការបែងចែកយ៉ាងស៊ីជម្រៅនៅក្នុង G20 រវាងរុស្ស៊ី និងចិន នៅលើដៃម្ខាង និងប្រទេសលោកខាងលិច ដែលបានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ។
ប្រទេសប្រេស៊ីល ដែលកាន់តំណែងជាប្រធានាធិបតី G20 នៅឆ្នាំនេះបានចេញសេចក្តីសង្ខេបរបស់ប្រធាន ដែលបញ្ចប់កិច្ចពិភាក្សាពីរថ្ងៃ ដោយលើកឡើងនៅក្នុងលេខយោងមួយថា វេទិកាហិរញ្ញវត្ថុមិនមែនជាកន្លែងសមរម្យ សម្រាប់ពិភាក្សាអំពីបញ្ហា ភូមិសាស្ត្រនយោបាយនោះទេ។
វាមិនមែនជាលើកទីមួយនោះទេ ដែលក្រុមនេះបានបរាជ័យ ក្នុងការចេញសេចក្តីថ្លែងការណ៍រួម បើទោះបីជាប្រធានហិរញ្ញវត្ថុ បានធ្វើដូច្នេះបន្ទាប់ពីឈានដល់ការឯកភាពគ្នា នៅក្នុងកិច្ចប្រជុំកាលពីឆ្នាំមុនក៏ដោយ ៕
ប្រែសម្រួល ឈូក បូរ៉ា