បរទេស៖ កាសែត Le Monde របស់បារាំងបានរាយការណ៍ កាលពីថ្ងៃសុក្រដោយដកស្រង់ប្រភពរបស់ខ្លួនថា រដ្ឋាភិបាលបារាំង កំពុងពិចារណាបញ្ជូនកងកម្លាំងយោធា តូចមួយដោយផ្ទាល់ទៅកាន់អ៊ុយក្រែន ដើម្បីធ្វើជាគ្រូបង្ហាត់សម្រាប់កងកម្លាំង ប្រដាប់អាវុធរបស់ទីក្រុងគៀវ និងជា “ការរារាំង” ដល់ទីក្រុងម៉ូស្គូ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា កាសែតនេះមិនបានបង្ហាញពីចំនួន ‘គ្រូបង្ហាត់’ របស់យោធាបារាំង ដែលអាចមានលទ្ធភាពត្រូវបានអនុញ្ញាត ឱ្យឆ្លងចូលទៅក្នុងទឹកដីអ៊ុយក្រែននោះទេ ប៉ុន្តែបានរាយការណ៍ថា កងកម្លាំងរបស់ពួកគេអាចរួមបញ្ចូល “អង្គភាពធម្មតា” មួយចំនួន។
យោងតាមកាសែត Le Monde , កងកម្លាំងពិសេសរបស់បារាំងក៏បានចូលរួមផងដែរ ក្នុងការបណ្តុះបណ្តាលទាហានអ៊ុយក្រែន នៅក្នុងប្រទេសប៉ូឡូញ និងក្នុងការអមដំណើរការប្រគល់អាវុធ របស់ប្រទេសទៅកាន់ទីក្រុងគៀវ ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេតែងតែ “ឈប់នៅព្រំដែនអ៊ុយក្រែន” ។
របាយការណ៍កាលពីថ្ងៃសុក្រ បានឱ្យដឹងថា ការបណ្តុះបណ្តាលរបស់បារាំងគឺចង់ផ្តល់ឱ្យអ៊ុយក្រែន សម្រាប់កងកម្លាំង “នៅលើដី” រួមមានការគ្រប់គ្រងប្រព័ន្ធ ការពារដែនអាកាស។ វាត្រូវបានពន្យល់ថា ការដំឡើងសព្វាវុធបាញ់ ពីដីទៅអាកាសរបស់ទីក្រុងគៀវ ជារឿយៗត្រូវបានតម្រង់គោលដៅ ដោយកងកម្លាំងរុស្ស៊ី ដោយបន្ថែមថា “វត្តមានរបស់ទាហានបារាំង ឬ [អ្នក] នៃប្រជាជាតិផ្សេងទៀតនឹងអាចការពារតំបន់មួយចំនួន នៃទឹកដីអ៊ុយក្រែន” បាន ៕
ប្រែសម្រួលៈ ណៃ តុលា