ព័ត៌មានជាតិ

កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង-ពង្រីក លើវិស័យការពារជាតិ, សន្តិសុខ និងទេសចរណ៍

ភ្នំពេញ ៖ ក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្រ្តីមវៀតណាម នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នៅប្រទេសអូស្ត្រាលី ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ, សន្តិសុខ និងទេសចរណ៍ នៃប្រទេសទាំងពីរ ក៏ដូចជាជំរុញការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលឿន ភ្នំពេញ-បាវិត-ហូជីមិញ ជាដើម ។

ក្នុងជំនួបនេះ លោក ផាម មិញជិញ បានអបអរសាទរកម្ពុជា ចំពោះជោគជ័យនៃរៀបចំការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក៏ដូចជាអបអរសាទរ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះ លើការបោះឆ្នោត ដោយទទួលបាន៥៥អាសនៈ។

លោកនាយករដ្ឋមន្រ្តីវៀតណាម ក៏បានផ្ដាំផ្ញើការសួរសុខទុក្ខ ថ្វាយជូនព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំមួយចំនួនទៀត នៃប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវការស្វាគមន៍ និងក្ដីរីករាយដែលបានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក នាយករដ្ឋមន្ត្រីជាថ្មីម្ដងទៀត ដែលនេះជាឱកាសនៃកិច្ចពិភាក្សា លើកិច្ចសហប្រតិបត្តិការ ដែលបានឯកភាពគ្នា នាពេលកន្លងមក និងការបន្តពិភាក្សា លើកិច្ចសហប្រតិបត្តិការ នាថ្ងៃអនាគតបន្ថែមទៀត។

ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាគ្នាលើវិស័យគន្លឹះ ដែលជាកម្មវត្ថុនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម រវាងកម្ពុជា និងវៀតណាម រួមមាន៖ វិស័យការពារជាតិ និងសន្តិសុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវលឿន ភ្នំពេញ-បាវិត-ហូជីមិញ ជាដើម។

ក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការការងារត្រីភាគី CLV, ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ថា នៅថ្ងៃខាងមុខ នឹងមានការរៀបចំកិច្ចប្រជុំកំពូល CLV លើកទី១២ ហើយបានលើកទឹកចិត្តក្រសួង ស្ថាប័នមួយចំនួន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្នា ក្នុងក្របខ័ណ្ឌ CLV បន្ថែមទៀត។ ដោយឡែកក្នុងវិស័យទេសចរណ៍ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពឲ្យក្រសួងទេសចរណ៍ បង្កើនកិច្ចពិភាក្សា ដើម្បីស្វែងរកឱកាស ក្នុងការជំរុញកំណើនទេសចរណ៍ ក្នុងប្រទេសទាំងបី។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាលើកិច្ចការមួយចំនួន ដែលជាផលប្រយោជន៍រួមផងដែរ ៕

To Top