ព័ត៌មានជាតិ

មន្ត្រីកសិកម្ម៖ កសិករដាំស្វាយចន្ទី ក្នុងទំហំដីតូចៗ និងដាំជាលក្ខណៈគ្រួសារប្រឈមនឹងការខាតបង់

កន្លងមកមានប្រជាកសិករដែលជាអ្នកដាំស្វាយចន្ទីមួយចំនួនបានត្អូញត្អែរពីការខាតបង់ថវិការបស់ខ្លួន  បន្ទាប់ពីថ្លៃគ្រាប់ស្វាយចន្ទីស្រស់បានធ្លាក់ចុះពីជាង ៥០០០៛ មកនៅ ៤៥០០៛។ ប៉ុន្តែលោក ឃឹម ហ្វីណង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា បញ្ហានេះបណ្តាលមកពីកសិករទាំងនោះដាំស្វាយចន្ទីក្នុងទំហំដីតូចៗ និងដាំជាលក្ខណៈគ្រួសារ ព្រមទាំងមិនមានបច្ចេកទេសគ្រប់គ្រាន់។ លោក ឃឹម ហ្វីណង់ បានលើកឡើងនូវបញ្ហា និងដំណោះស្រាយរបស់ខ្លួនដោយចោទជាចម្ងល់ថា «បើតម្លៃ គ្រាប់ស្វាយចន្ទី ៤៥០០៛/គីឡូ ពិតជាអាចផ្តល់ប្រាក់ចំណេញសមរម្យបានមែន ចុះហេតុអ្វីបានជាកសិករខ្លះចាប់ផ្តើមត្អូញត្អែរ បន្ទាប់ពីថ្លៃគ្រាប់ស្វាយចន្ទីស្រស់ទើបតែធ្លាក់ចុះពីជាង ៥០០០៛ មកនៅ ៤៥០០៛»?  បើតាមលោក ឃឹម ហ៊ីណង់  ហេតុផលអាចមានច្រើន ប៉ុន្តែលោកអាចសាកល្បងវិភាគលើចំណុចមួយចំនួនទាំងអស់គ្នា និងលើកជាដំណោះស្រាយខ្លះៗ សម្រាប់ទុកជូនពុកម៉ែបងប្អូនអ្នកដាំស្វាយចន្ទីយកទៅរិះគិតពិចារណានៅខាងក្រោម៖

កសិករអ្នកដាំស្វាយចន្ទីមួយចំនួន ពិតជាអាចប្រឈមមុខនឹងការខាតបង់ពិតមែន ជាពិសេសកសិករដែលមានដីតូចៗ និងដាំជាលក្ខណៈគ្រួសារ។ ភាគច្រើនពួកគាត់នៅខ្សោយខាងផ្នែកបច្ចេកទេស ចំណាយថ្លៃដើមខ្ពស់ ទទួលបានទិន្នផលទាប និងមានការខ្វះខាតទុនដែលបង្ខំឱ្យពួកគាត់ព្រមទទួលកម្ចីទិញធាតុចូលដែលមានការប្រាក់ខ្ពស់។ បើបូកផ្សំកត្តាទាំងអស់នេះចូលគ្នា ប្រាកដណាស់ដែលថាពួកគាត់ពិតជាកំពុងស្ថិតនៅកៀកនឹង «បន្ទាត់ ចំណេញ-ខាត» សម្រាប់ថ្លៃ៤៥០០៛/គីឡូនេះ។

ការវិភាគសេដ្ឋកិច្ចនៅក្នុងតារាងខាងលើ គឺជាទិន្នន័យដែលយោងតាមការសិក្សាយ៉ាងសុក្រឹតមិនតិចជាង ១០ករណីផ្សេងៗគ្នានោះទេ តែការសិក្សាទាំងនោះសុទ្ធតែផ្អែកលើផលិតកម្មស្វាយចន្ទីដែលធ្វើឡើងក្រោមទម្រង់ជាសហគមន៍ និងអ្នកមានចម្ការធំៗ មានបច្ចេកត្រឹមត្រូវ ប្រើពូជសុទ្ធល្អ(M23) ចំណាយថែទាំស្តង់ដាជាប្រចាំ និងទទួលបានទិន្នផលខ្ពស់។

កត្តាថ្លៃតែមួយមុខពុំទាន់អាចធានាប្រាក់ចំណេញដល់កសិករបាននៅឡើយ ហើយនៅមានកត្តាគុណភាពនៃគ្រាប់ស្វាយចន្ទីមួយទៀត ដែលធ្វើឱ្យអ្នកដាំជាលក្ខណៈគ្រួសារលក់មិនសូវបានថ្លៃដូចអ្នកដាំស្តង់ដានោះទេ។

ជាមួយគ្នានេះ លោក ឃឹម ហ្វីណង់ ថា ការធ្លាក់ចុះនៃថ្លៃស្វាយចន្ទីពិតជាបានប៉ះពាល់ដល់ទឹកចិត្ត និងការរំពឹងទុករបស់កសិករតូចៗ។ កសិករប្រភេទនេះអាចជួបការលំបាកមុនគេ និងងាយរងសម្ពាធខ្លាំងជាងគេ ហើយក៏មិនមានលទ្ធភាពយកគ្រាប់ស្វាយចន្ទីទៅសម្ងួតទុកដើម្បីរង់ចាំថ្លៃល្អមកវិញដែរ ព្រោះពួកគាត់គ្មានទុនបង្វិលនោះទេ។ លោក ឃឹម ហ្វីណង់បន្ថែមថា  «តាមបទពិសោធនៃឆ្នាំកន្លងមក ថ្លៃអាចនឹងបន្តធ្លាក់ចុះបន្ថែមទៀតរហូតដល់ផុតខែឧសភា បន្ទាប់មកវានឹងហក់ឡើងល្អជាធម្មតាវិញផងដែរ។ នេះគឺជាកត្តាជះឥទ្ធិពលពីខាងក្រៅ និងតែងកំណត់ដោយទីផ្សារអន្តរជាតិ មិនស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជាឡើយ»

ជម្រើសល្អបំផុតមួយសម្រាប់កសិករដែលទន់ខ្សោយ និងអ្នកដែលដឹងខ្លួនថា ខ្វះទុន ខ្វះបច្ចេកទេស ខ្វះទីផ្សារ ងាយទទួលរងហានិភ័យពីការប្រែប្រួលអាកាសធាតុ មានថ្លៃដើមផលិតខ្ពស់ និងតែងទទួលបានទិន្នផលទាប លោក ឃឹម ហ្វីណង់ ថា  គឺការពិចារណារួមគ្នាចងក្រងជា «សហគមន៍កសិកម្មទំនើប» ដើម្បីការពារពួកគាត់ពីហានិភ័យទាំងនេះ។ បើតាម លោក ឃឹម ហ្វីណង់ សហគមន៍កសិកម្មទំនើបនឹងធ្វើឱ្យកសិករតូចៗ អាចមានសមត្ថភាពប្រកួតប្រជែង និងទទួលបានប្រាក់ចំណេញល្អដូចម្ចាស់ចម្ការធំៗបាន ព្រមទាំងអាចជួយដោះស្រាយនូវរាល់បញ្ហាដែលបានលើកឡើងខាងលើដោយសារកត្តាមួយចំនួនដូចជា ការទទួលបានទុនកម្ចីការប្រាក់ទាប ដោយមិនតម្រូវឱ្យមានវត្ថុបញ្ចាំ, ការគាំទ្របច្ចេកទេសផលិតកម្មរួមគ្នាក្នុងស្តង់ដាតែមួយដែលធានាបាននូវគុណភាពខ្ពស់ ទិន្នផលល្អ ថ្លៃដើមទាប,  ការធានាតភ្ជាប់ទៅកាន់ទីផ្សារទុកជាមុន ដោយផ្អែកលើកិច្ចសន្យាកសិកម្ម និងផែនការអាជីកម្មរឹងមាំ,  ការគ្រប់គ្រងច្បាស់លាស់ ប្រកបដោយតម្លាភាព និងក្រឹត្យក្រមវិជ្ជាជីវៈខ្ពស់ និងការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុក្រោមគោលការណ៍ «សហគមន៍ជោគវាសនាតែមួយ» ដ៏រឹងមាំ។

លោក ឃឹម ហ្វីណង់ថ្លែងថា «ពុកម៉ែបងប្អូនកសិករអ្នកដាំស្វាយចន្ទីដែលមានចំណាប់អារម្មណ៍ និងស្ម័គ្រចិត្តរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប អាចទំនាក់ទំនងផ្ទាល់ជាមួយ​ជាមួយខ្ញុំ ឬទៅកាន់ក្រុមការងារនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មបាន។ រូបខ្ញុំ និងក្រុមការងារនឹងរង់ចាំបម្រើបងប្អូនកសិករទាំងអស់ឱ្យអស់ពីលទ្ធភាព»។ ​ទាក់ទិននឹងបញ្ហានេះ លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា  និងជាកសិករមួយរូបដែរ បានលើកឡើងថា ការលើកឡើងរបស់លោក ឃឹម ហ្វីណង់ពិតជាត្រឹមត្រូវ  ។ លោក អួន ស៊ីឡុតថ្លែងថា «ខ្ញុំនៅតែយល់ថាការវិភាគនេះត្រឹមត្រូវ ការចំណាយគាត់ដាក់ច្រើនផង ២,៥លានរៀល ខ្ញុំចំណាយតិចជាងហ្នឹង ហើយទិន្នផលគាត់ការដាក់ទាបដែរ ១,២តោនក្នុងមួយហិកតា រាល់ឆ្នាំ ខ្ញុំបានយ៉ាងតិច១,៨តោនក្នុងមួយហិកតា (លើកលែងឆ្នាំ ២០២៤)»។ លោក អួន ស៊ីឡុត បន្ថែមថា «សិករបើមិនរួមគ្នាជាសហគមន៍ គាត់បាត់ប្រយោជន៍២ រួមមាន ១. មិនបានទទួលការរៀនសូត្រពីអ្នកជំនាញ គ្មាននរណាគេដើទៅបង្រៀនដល់ផ្ទះទេ។ និង ២. បាត់បង់ទីផ្សារល្អ ក្រុមហ៊ុនត្រូវការបញ្ជាទិញក្នុងចំនួនច្រើនមិនអាចដើរប្រមូលតាមផ្ទះទេ សហគមន៍ណាធានារថាប្រមូលគ្រាប់ឆៅបាន ក្រុមហ៊ុនបញ្ជាទិញ ជាក់ស្តែងក្រុមហ៊ុនជប៉ុនបញ្ជាទិញពីសហគមន៍ជ័យសំបូរ (កំបង់ធំ)»៕

To Top