ភ្នំពេញ ៖ មន្ត្រី នៃនាយកដ្ឋានគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ បានឃាត់ខ្លួន និងត្រួតពិនិត្យអ្នកដំណើរ សញ្ជាតិចិនតៃវ៉ាន់ម្នាក់ បន្ទាប់ពីយកគ្រឿងញៀន ចំនួន ៣៥កញ្ចប់ រុំជាប់នឹងដងខ្លួន ក្នុងគោលដៅឆ្ពោះ ទៅប្រទេសជប៉ុន។
តាមរយៈគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា នាយប់ថ្ងៃទី១០ មីនា នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មន្ត្រីនៃនាយកដ្ឋានគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ បានឃាត់ត្រួតពិនិត្យអ្នកដំណើរសញ្ជាតិចិនតៃវ៉ាន់១នាក់ ដែលធ្វើដំណើរ តាមជើងយន្តហោះ K6-818 ក្នុងគោលដៅឆ្ពោះទៅប្រទេសជប៉ុន។
តាមការត្រួតពិនិត្យលើដងខ្លួន មន្ត្រីគយ និងរដ្ឋាករ បានរកឃើញម្សៅពណ៌សចំនួន ៣៥កញ្ចប់ រុំជាប់នឹងដងខ្លួន។
តាមលទ្ធផលតេស្តបឋមដោយមន្ត្រីជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ម្សៅពណ៌សទាំងនោះ ជាគ្រឿងញៀនប្រភេទ Methamphetamine មានទម្ងន់ ៤ ៩៦៥,៣០ ក្រាម។ បច្ចុប្បន្ន ជនសង្ស័យ វត្ថុតាង និងសម្ភាររបស់ជនសង្ស័យ ត្រូវបានប្រគល់ជូនមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់៕