ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងប្រាប់សហភាពអឺរ៉ុប (EU) អំពីជំហររបស់កម្ពុជា ដែលបើកចំហរស្វាគមន៍រាល់គ្រប់វិនិយោគិនទាំងអស់ ចូលមកវិនិយោគលើគ្រប់វិស័យ និងមានការលើកទឹកចិត្តលើវិស័យមួយចំនួនផងដែរ។
នាឱកាសអនុញ្ញាតឲ្យលោក Peteris Ustubs នាយកសម្រាប់មជ្ឈឹមបូព៌ាអាស៊ី និងបាស៊ីហ្វិក នៃអគ្គនាយកដ្ឋានភាពជាដៃគូអន្តរជាតិ (DG INTPA) សហភាពអឺរ៉ុប ព្រមទាំងលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម នាថ្ងៃទី១១ មីនា លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុបដែលបានគាំទ្រលើការផ្ដល់ជំនួយអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការទ្វេភាគីនានា ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីបន្ដថា ដោយសង្កេតឃើញស្ថានភាពកិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា-សហភាពអឺរ៉ុប ហាក់មានកម្រិតតិចតួចនៅឡើយ គឺស្ថិតក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៥៤០លានដុល្លារ បានពី៦២គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គិតចាប់ពីឆ្នាំ១៩៩៤ ដល់បច្ចុប្បន្ន លោកឧបនាយករដ្ឋមន្ត្រី បានប្រាប់សហភាពអឺរ៉ុបអំពីជំហររបស់កម្ពុជា ដែលបើកចំហរស្វាគមន៍រាល់គ្រប់វិនិយោគិនទាំងអស់ចូលមកវិនិយោគលើគ្រប់វិស័យ និងមានការលើកទឹកចិត្តលើវិស័យមួយចំនួនផងដែរ។
លោកឧបនាយករដ្ឋមន្ត្រីថា កម្ពុជាបានទទួលវិនិយោគិនរួចរាល់ពីប្រទេសនានារួមមាន ៖ សហរដ្ឋអាមេរិក កូរ៉េ ជប៉ុន ចិន ព្រមទាំងប្រទេសផ្សេងៗជាច្រើនទៀត ដែលក្នុងនោះកម្ពុជាចង់ឲ្យវិនិយោគិនពីតំបន់អឺរ៉ុបចូលមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនតំណាងសហភាពអឺរ៉ុប អំពីផែនការអភិវឌ្ឍន៍ជាតិនានារបស់រដ្ឋាភិបាលដើម្បីគាំទ្រដល់វិស័យឯកជនរួមមានលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការសាងផ្លូវជាតិ ផ្លូវល្បឿនលឿន ព្រលានយន្តហោះ កំពង់ផែ និងពិសេសផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ មានចំនួន ១៧៤គម្រោង ដែលក្រុមហ៊ុនឯកជនពីសហភាពអឺរ៉ុបអាចពិនិត្យលទ្ធភាពក្នុងការវិនិយោគបានផងដែរ។
ចំណែកលោក Peteris Ustubs បានឆ្លៀតឱកាសនេះ អបអរសាទរដល់លទ្ធផលដ៏ល្អប្រសើរលើការអភិវឌ្ឍជាតិដែលទទួលបានពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា។ លោក បានលើកឡើងផងដែរអំពីទស្សនកិច្ចទាក់ទាញវិនិយោគិនដែលកម្ពុជាអាចរៀបចំបាន ក្នុងសហភាពអឺរ៉ុប ដែលមាន ២៧ប្រទេស ដោយក្នុងនោះលោកបានលើកទឹកចិត្តកម្ពុជាឲ្យជ្រើសយកវិស័យអាទិភាពសំខាន់ៗដើម្បីបង្ហាញជូនវិនិយោគិន។ លោក Peteris Ustubs ក៏បានបន្តជម្រាបជូនពីការយកចិត្តទុកដាក់របស់សហភាពអឺរ៉ុប ដែលបច្ចុប្បន្នផ្ដោតលើគម្រោងអភិវឌ្ឍន៍បៃតង និងបច្ចេកវិទ្យា៕